Odegaard ៖ Arsenal ​នៅ​មិន​ទាន់​គិត​រឿង​ឈ្នះ​ពាន​នៅ​ឡើយ​ទេ​

​ខ្សែ​បម្រើ Martin Odegaard ​បាន​អះអាង​ថា​ក្រុម​កាំភ្លើង​ធំ Arsenal ​នៅ​មិន​ទាន់​គិត​រឿង​ឈ្នះ​ពាន​អ្វី​នោះ​ទេ ​បើ​ទោះ​ជា​ពួកគេ​ជា​ក្រុម​ឈរ​នៅ​កំពូល​តារាង​ជា​យូរ​មក​ហើយ​ក្ដី។

​បច្ចុប្បន្ន​នេះ Arsenal ​កំពុង​ឈរ​លេខ​១​ក្នុង​តារាង Premier League ​លើស​ក្រុម​លេខ​២ Manchester City ​ចំនួន​៥​ពិន្ទុ។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ប្រធាន​ក្រុម Odegaard ​បាន​អះអាង​ថា​វា​មិន​ទាន់​បញ្ជាក់​ពី​ការ​ជោគជ័យ​អ្វី​នោះ​ទេ ​ពោល​គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ចប់​រដូវ​កាល​សិន។ ​ក្រុម Arsenal ​កំពុង​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត​ក្នុង​ក្រុម ​ហើយ​ក៏​មិន​ទាន់​គិត​ច្រើន​ចំពោះ​ការ​ឈ្នះ​ពាន​រង្វាន់​ផង​ដែរ។

អតីត​កីឡាករ Real Madrid ​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​កំពុង​ស្ថិត​ក្នុង​ការ​ប្រជែង​គ្នា។ ​ប៉ុន្តែ​ដំណើរ​នៅ​វែង​ឆ្ងាយ​ទៀត ​សូម​ជឿ​លើ​ខ្ញុំ ​គ្មាន​នរណា​ម្នាក់​ក្នុង​ក្រុម​របស់​យើង​គិត​ពី​រឿង​ឈ្នះ​ពាន​នៅ​ឡើយ​ទេ។ វា​ជា​រឿង​សំខាន់ ប៉ុន្តែ​យើង​កំពុង​ប្រឹងប្រែង​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​យើង​ប្រឹង​ហាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យើង​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដើម្បី​ពង្រឹង​សមត្ថភាព ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​យើង​នឹង​អាច​សម្រេច​បាន​រឿង​ជា​ច្រើន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT