Ten Hag និយាយការពារ Weghorst ថាគាត់កំពុងធ្វើឱ្យកីឡាករផ្សេងទៀតលេងកាន់តែល្អ

Erik ten Hag មិនខ្វល់ខ្វាយនឹងការខ្វះខាតគ្រាប់បាល់របស់ Wout Weghorst ចាប់តាំងពីចូលរួមជាមួយ Manchester United ក្នុងលក្ខខ័ណ្ឌខ្ចីជើង ខណៈដែលគាត់ជឿថាខ្សែប្រយុទ្ធរូបនេះកំពុងជួយអ្នកផ្សេងរកគ្រាប់បាល់បន្ថែមទៀត។
Weghorst បានចាប់ផ្តើមការប្រកួតទាំង ៦ប្រកួតរបស់ Man Utd ចាប់តាំងពីការមកដល់ពី Burnley កាលពីខែមុន ប៉ុន្តែបានស៊ុតបញ្ចូលទីបានតែមួយគ្រាប់គត់ក្នុងការប្រកួតដណ្តើមពានរង្វាន់ EFL Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៣-០ ជើងទីមួយនៅ Nottingham Forest។

ទោះបីជាយ៉ាងណាក៏ដោយ Man Utd រកបាន ១៣គ្រាប់ក្នុង ៦ប្រកួតដែល Weghorst បានលេងដោយឈ្នះ៤ដងក្នុងចំណោំនោះ ហើយគាត់បានទទួលការគាំទ្រពីអ្នកចាត់ការ Ten Hag។
លោក Ten Hag បាននិយាយមុនប៉ះ Leeds United ថា៖

“គាត់គឺជាអ្នកដែលធ្វើឱ្យអ្នកលេងនៅជុំវិញគាត់លេងបានល្អ។ ក្នុងនាមជាក្រុម យើងត្រូវធ្វើការឱ្យបានល្អជាងមុន ដើម្បីទន្ទឹងរង់ចាំចលនារបស់គាត់ ព្រោះចលនារបស់គាត់ល្អ ហើយច្រើនដងគាត់ខិតជិតអាចស៊ុតបញ្ចូលទីបាន។ គាត់មានសកម្មភាពល្អជាច្រើន ហើយបានរួមចំណែកល្អជាច្រើនដល់លទ្ធផលរបស់យើង។ គាត់នឹងស៊ុតបញ្ចូលទី ប៉ុន្តែក្នុងពេលនេះ គាត់នឹងធ្វើកិច្ចការផ្សេងទៀត ហើយធ្វើវាឱ្យបានល្អ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT