គ្រូ​ហោរ​បាល់ទាត់ Jose Mourinho ទាយ​ធ្លុះ​អនាគត​រឿង ៣ ​នេះ ដល់​ចាំ​មើល​បែរ​កើត​ជា​ការ​ពិត​មែន​

មិន​ចម្លែក​ខុស​ពី​អ្នក​ដទៃ ក៏​មិនមែន​ជា Jose Mourinho ទាំង​របៀប​នៃ​ការ​និយាយ​ស្តី កាយវិការ​លើ​ទីលាន តែង​បង្ហាញ​មក​ខុស​ប្លែក​ពី​គេ ដល់​ថ្នាក់​អ្នកគាំទ្រដាក់​​រហស្សនាម​ជា “Special One” ​លាន់​ជាប់​ច្រើន​ឆ្នាំ​មក​ទល់​សព្វថ្ងៃ។

​ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​អំពី​សមិទ្ធផល​នានា ដែល​បុរស​វ័យ ៦០ ឆ្នាំ​ធ្លាប់​បាន​សម្រេច តែ​បង្វែរ​មក​ជ្រុង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត គឺ​ពាក់ព័ន្ធ​នឹង​ការ​ទស្សន៍ទាយ ប្រមើល​មើល​ទុក​ជា​មុន ក៏​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ពូកែ​គន់គូរ ហើយ​អ្វី​ដែល​ធ្លាប់​លោក​និយាយ ក៏​រមែង​តែង​កើត​ជា​ការ​ពិត​នៅ​ពេល​បន្ទាប់។

៣) ជា​អ្នក​រក​ឃើញ​ចន្លោះ​ប្រហោង​របស់ Man Utd

ចាយ​ពេល​ដឹកនាំ​ចន្លោះ​ឆ្នាំ ២០១៦ ដល់ ២០១៨ មុន​ការ​ចាកចេញ​រយៈ​ពេល​ប៉ុន្មាន​ខែ Mourinho បាន​លើក​ឡើង​ថា អ្វី​ដែល United ត្រូវ​ធ្វើ ​គឺ​នាំ​ចូល​ខ្សែ​ការពារ​លំដាប់ World class តែ​វា​បែរ​ជា​អ្វី​ដែល​ថ្នាក់​លើ​ក្លឹប​បាន​បិទ​ផ្លូវ មិន​អនុញ្ញាត​ឡើយ។

ដល់​តែ​ពេល​ក្រោយៗ​មក​ដូច​បាន​ឃើញ ទោះ​មាន​ខ្សែ​បម្រើ​ ខ្សែ​ប្រយុទ្ធ​ល្អ ដែល​ក្លឹប​បាន​ចាយ​លុយ​ហូរហែ​នាំ​ចូល​ជា​បន្តបន្ទាប់ ក៏​បិសាច​ក្រហម​មិន​ទទួល​បាន​ជោគជ័យ មិន​វិល​មក​ភាព​ល្អ​ប្រសើរ​នោះ​ដែរ ទើប​តែ​នៅ​ពេល​ដែល United យក​បាន Raphael Varane និង Lisandro Martinez ទើប​កើត​ផ្លែផ្កា ត្រលប់​ឲ្យ​ United ក្លាយ​ជា​ក្លឹប​ដែល​គេ​ខ្លាចរអាជាថ្មី​នៅ Premier League។

២) មើល​ឃើញ​អនាគត​របស់ Dele Alli

កំឡុង​ពេល​នៅ​ដឹកនាំ Spurs កាល​ឆ្នាំ ២០២០ លោក Mourinho ​និយាយ​ឥត​លាក់បាំង​ទៅ​កាន់​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស ថា​គេ​ជា​កីឡាករ​ល្អ មាន​ឥទ្ធិពល​តាំង​ពី​ថ្ងៃ​ដែល​លោក​បាន​ឃើញ តែ​លោក​នៅ​តែ​មាន​អារម្មណ៍​មួយ​ថា Alli នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ចុះ ព្រោះ​ពេល​ដែល​កំពុង​មាន​អាជីព​ដ៏​អស្ចារ្យ បែរ​ទៅ​វក់វី​នឹង​ការ​ដើរ​លេង ឈ្លក់​ភ្លើងពណ៌​ពេល​រាត្រី​ទៅ​វិញ។

ឥត​ខុស​ការ​លើក​ឡើង ក្រោយ​ចាកចេញ​ពី Spurs កីឡាករ​វ័យ ២៦ ឆ្នាំ សឹង​តែ​បាត់​ឈ្មោះ​ពី​ពិភព​បាល់ទាត់ ក្រោយ Everton ព្រលែង​ឲ្យ​ក្លឹប​ទួរគី Besiktas ខ្ចី​ជើង។ ជាង​នេះ តែង​កើត​មាន​ឈ្មោះ​មិន​ល្អ​លើ​ក្រប​មុខ​សារព័ត៌មាន ដូច​ការ​ញៀន​ហ្គេម Fortnite ដល់​បែកបាក់​ស្នេហា​ជា​ដើម។

១) ដឹង​មុន​អំពី​ការ​បញ្ជូន​បាល់​របស់ Paul Pogba

បើ​ទោះ​បី​ធ្លាប់​ជា​គ្រូ តែ​ក៏​មិន​ជឿ​ថា​អាច​ដឹង​ច្បាស់ ១០០ ភាគរយ​អំពី​កីឡាករ​រូប​នោះ​ដែរ តែ​នេះ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ ដល់​ថ្នាក់​អាច​ដឹង​មុន​អំពី​របៀប​បញ្ជូន​បាល់​របស់​ខ្សែ​បម្រើ​ឆ្នើម​បារាំង​ទៀត​ផង។

មុន​ដល់​ការ​ប្រកួត​ទល់ United លោក Mourinho បាន​ប្រាប់​កីឡាករ​ក្លឹប​ Spurs បែប​នេះ​ថា៖ “គ្រប់​ពេល​ដែល Pogba មាន​បាល់​នៅ​នឹង​ជើង គេ​តែង​អាចសម្លឹង​ឃើញឆ្ងាយ គេ​មាន​គុណភាព​នៃ​ការ​បញ្ជូន យើង​អាច​ស្រមៃ​ត្រង់​កន្លែង​នេះ ពេល Pogba នៅ​តំណែង​បម្រើ​ខាង​ក្រោម​ស្លាប​ស្តាំ គេ​អាច​បញ្ជូន​បាល់​ឆ្លង​កាត់​យ៉ាង​ស្អាត ទៅ​កាន់ Marcus Rashford នៅ​ត្រង់​នេះ”។

ឥត​ខុស​ពី​ការ​និយាយ ដល់​តែ​ក្នុង​ការ​ប្រកួត ក៏​មាន​សាច់​បាល់​មួយ ដែល Pogba បញ្ជូន​ចេញ​ពី​តំបន់​បម្រើ​ស្លាប​ស្តាំ នៅ​ខាង​ក្រោម មក​ឆ្លង​ផុត​ដាច់​មាត់​ដល់ Rashford នៅ​ខាង​លើ តែ​ដោយសារ​សម្តី​គ្រូ​ហាក់​បាន​រង្គើ​ដាស់​ស្មារតី​កីឡាករ Spurs ជា​មុន ពេល​នោះ​ក៏​ឃើញ Davinson Sanchez រត់​មក​រារាំង ផ្តាច់​យក​បាល់​បានសម្រេចពី Rashford មិន​គួរ​ឲ្យ​ជឿ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT