Alisson ៖ ​បើ Liverpool ​មិន​កែប្រែ​ទេ ​ឆ្នាំ​ក្រោយ​មិន​បាន​លេង Champions League ​ឡើយ​

​អ្នក​ចាំទី Allison Becker ​បាន​និយាយ​ថា​ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​មិន​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​ឡើយ​នៅ​រដូវ​កាល​ក្រោយ​នេះ ​ប្រសិន​បើ​ក្រុម​មិន​មាន​ការ​កែប្រែ។

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Wolves ​ក្នុង​លទ្ធផល ​៣-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​កន្លង​ទៅ​នេះ​។ ​បរាជ័យ​ផ្ទួន​ៗ​គ្នា​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Jurgen Klopp ​ធ្លាក់​ដល់​ពាក់​កណ្ដាល​តារាង​ទៅ​ហើយ ​និង​ដាច់​ឆ្ងាយ​ពិន្ទុ​ពី​ក្រុម​នៅ Top4 ​ផង​ដែរ។ ​កត្ដា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បារម្ភ​ជា​ខ្លាំង ​ថា​ប្រសិន​បើ​បន្ដ​បែប​នេះ​នៅ​រដូវ​កាល​ក្រោយ Liverpool ​នឹង​មិន​មាន​ឈ្មោះ​លេង​ពាន UEFA Champions League ​ឡើយ។

​អ្នក​ចាំទី Allison Becker ​របស់​ក្រុម Liverpool ​ផ្ទាល់​បាន​និយាយ​ថា​៖ “យើង​ត្រូវ​គិត​ពី​ប្រកួត​បន្ទាប់ ​ហើយ​អ្វី​ដែល​យើង​មាន​នៅ​ក្នុង​ដៃ។ យើង​ត្រូវ​គិត​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ល្អ​ឡើង​វិញ ​និង​ឈ្នះ​ការ​​ប្រកួត​បន្ទាប់។ ​ប្រសិន​បើ​យើង​មិន​កែប្រែ​ទេ ​នោះ​យើង​នឹង​មិន​អាច​លេង​នៅ​ពាន​រង្វាន់ UEFA Champions League ​បាន​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT