Nagelsmann ខកចិត្តចំពោះបទសម្ភាសន៍ Neuer លើការចាកចេញរបស់បង្វឹកអ្នកចាំទី Tapalovic

Julian Nagelsmann បានសម្តែងការខកចិត្តចំពោះបទសម្ភាសន៍របស់ Manuel Neuer ដែលរិះគន់ការសម្រេចចិត្តរបស់ Bayern Munich ក្នុងការបណ្តេញគ្រូបង្វឹកអ្នកចាំទី Toni Tapalovic។
Tapalovic បានធ្វើការជាមួយ Neuer និងក្លឹបយក្ស Bundesliga អស់មួយទសវត្សរ៍កន្លងមក ប៉ុន្តែបានចាកចេញពីក្លឹបកាលពីខែមុន ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយអះអាងថាមានបញ្ហាលំបាកក្នុងការទំនាកទំនងជាមួយ Nagelsmann។

នៅក្នុងបទសម្ភាសន៍ជាមួយ The Athletic ក្នុងសប្តាហ៍នេះ Neuer បាននិយាយថាគាត់មានអារម្មណ៍មិនសប្បាយចិត្ត និងឈឺចាប់បំផុត ហើយថាវាជា “រឿងដ៏ឃោរឃៅបំផុត” នៅក្នុងអាជីពរបស់គាត់។ប្រធានក្រុម Bayern បានរងរបួសពេញមួយរដូវកាលនេះ បន្ទាប់ពីជួបឧបទ្ទវហេតុជិះស្គី បន្ទាប់ពីការប្រកួត World Cup ដែលបានជំរុញឱ្យក្លឹបចុះហត្ថលេខាលើ Yann Sommer។

នៅមុនការប្រកួតថ្ងៃអាទិត្យទល់នឹង Wolfsburg លោក Nagelsmann បានពន្យល់ថាកិច្ចសម្ភាសន៍របស់ Neuer មិនបានជួយដល់ស្ថានភាពរបស់ក្លឹបនោះទេ។

គាត់បានប្រាប់ DAZN ថា៖

“ខ្ញុំនឹងមិនបានផ្តល់បទសម្ភាសន៍ទេ ដោយយើងមានសប្តាហ៍សំខាន់ៗនៅខាងមុខ។ វាមិនជួយធ្វើឱ្យរឿងស្ងប់ស្ងាត់ទេ។ វាធ្វើឱ្យកាសែតកាន់តែរវល់។ Oliver Kahn បានធ្វើសេចក្តីថ្លែងការណ៍ល្អណាស់។ មួយរយៈមុនខ្ញុំបានសន្ទនាដ៏ល្អជាមួយ Manuel ជាលក្ខណៈឯកជន ដែលជាកន្លែងដែលយើងបានពិភាក្សាគ្នាជាច្រើន។
ខ្ញុំបានប្រាប់គាត់ពីមូលហេតុដែលបែកគ្នា ខ្ញុំមិនចង់បង្ហាញជាសាធារណៈទេ ដែលជាការសម្រេចចិត្តត្រឹមត្រូវតាមគំនិតរបស់ខ្ញុំ។ ទ្វាររបស់ខ្ញុំតែងតែបើកចំហ ទោះបីជាខ្ញុំបានជ្រើសរើសផ្លូវផ្សេងក៏ដោយ។ គាត់ជាអ្នកចាំទីដ៏ល្អបំផុតនៅក្នុងពិភពលោក ដូចដែលខ្ញុំបានសង្កត់ធ្ងន់ជាញឹកញាប់ ហើយខ្ញុំសង្ឃឹមថាគាត់ត្រលប់មកមានសុខភាពល្អវិញ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT