មិន​បាន​លេង​ផង Hazard ​របួស​ជង្គង់​ទៀត​ទៅ​ហើយ​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​បាន​រង​របួស​ជង្គង់​ទៀត​ទៅ​ហើយ ​ទាំង​ដែល​រូបគេ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ពេញលេញ​នៅ​ឡើយ​ទេ​ឱ្យ​ក្រុម Real Madrid ​ចាប់​តាំង​ពី​ផ្លាស់​ចូល​មក។

​អតីត​កីឡាករ Chelsea ​ដែល​អ្នក​គាំទ្រ Real Madrid ​មាន​ក្ដី​រំពឹង​ខ្ពស់​ថា​នឹង​លេង​បាន​ល្អ​នោះ បែរ​ជា​ញ៉ាំញី​ដោយ​របួស​ទៅ​វិញ។ រូបគេ​មិន​សូវ​បាន​លេង​នោះ​ទេ ​ហើយ​លោក Carlo Ancelotti ​ក៏​ដឹង​ច្បាស់​ថា​កីឡាករ​បែលហ្សិក​រូប​នេះ​មិន​ទាន់​ជា​សះស្បើយ​១០០%​ផង​ដែរ។ ​ជាក់​ស្ដែង ​គ្រាន់​តែ​មាន​ការ​ហ្វឹកហាត់​ខ្លាំង​បន្ដិច ​Hazard ​បាន​រង​របួស​ទៀត​ទៅ​ហើយ។ ​ក្រុម​គ្រូ​ពេទ្យ​នៅ Real Madrid ​រក​ឃើញ​ថា​រូបគេ​មាន​បញ្ហា​ជង្គង់​ខាង​ឆ្វេង ដែល​នឹង​ត្រូវ​សម្រាក​ច្រើន​សប្ដាហ៏​ទៀត។

​ដោយ​បញ្ហា​របួស​ជាប់​រហូត​នេះ ​អាច​នឹង​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​អាជីព​នៅ​ក្លឹប Real Madrid ​របស់ Hazard ​មិន​ជោគជ័យ​នោះ​ទេ។ រូបគេ​មិន​សូវ​បាន​ជួយ​ក្រុម​ឡើយ ​ខណៈ​ដែល​ទម្រង់​លេង​វិញ​ក៏​មិន​ល្អ​ប្រសើរ​ជាង​កីឡាករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ដូចជា Rodrygo ឬ Asensio ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT