Ajax, Benfica, Dormtund រោងចក្រ​ខ្លាំង​​ផលិត​កីឡាករ យក​បាល់ទាត់​ធ្វើ​​ជំនួញ​សល់​លុយ​វាល់​លាន

​ក្លឹប​យក្ស​ធំៗ​នៅ​អឺរ៉ុប​ដូច Chelsea, Manchester United, Barcelona និង Paris Saint-Germain ជា​ដើម សង្កេត​ឃើញ​​សឹង​ជា​រៀងរាល់​ឆ្នាំ តែង​ចាយ​លុយ​រាប់​សិប​លាន​ថ្ពក់​​នាំ​យក​កីឡាករ​ដោយ​ឥត​ញញើត ហើយ​ខ្លះ​ក៏​យក​មក​ត្រូវ ខ្លះ​ក៏​លេង​មិន​កើត បែរ​ទៅ​ជា​ការ​សើច​ចំអក ជាមួយ​​ការ​ខាតបង់​​ឥត​អំពើ។

ខុស​អី​តែ​ក្លឹប​ ៣ នេះ និយាយ​ពី​ប្រវត្តិ​ជោគជ័យ​​ការ​ឈ្នះ​ពាន​រង្វាន់​នៅ​​ពេល​ចុង​ក្រោយ​មិន​ជា​ធំដុំ​ប៉ុន្មាន​ទេ ព្រោះ​បាន​ផ្ទេរ​ទៅ​​ជា​​ប្រាក់​ចំណេញ​រាប់​រយ​លាន តាមរយៈការ​លក់​ចេញ​កីឡាករ​ទៅ​ឲ្យ​ក្លឹប​សេដ្ឋី​ៗដូច​បាន​រៀបរាប់​។ Benfica, Ajax, Dortmund ដល់​ថ្នាក់​គេ​ដាក់​ឈ្មោះ ថា​ជា​ក្លឹប​យក​បាល់ទាត់​ធ្វើ​ជា​អាជីវកម្ម ហើយ​ពុំ​បាន​មិន​បាន​គិត​ជោគជ័យ​ពេល​អនាគត​​ជា​គោលដៅ​អាទិភាព​ឡើយ។

ខាង​ក្រោម CTS Sports បង្ហាញ​ត្រួសៗ​​អំពី​ការ​កើត​ផល​ចំណេញ​ ក្រោយការ​បណ្ដុះ​កូន​ឫស្សី ឲ្យ​ក្លាយ​ទៅ​​ដុំ​ពេជ្រ​ត្រឹម​តែ​រយៈ​ពេល​ខ្លី៖

៣) ក្លឹប​អាល្លឺម៉ង់ Borussia Dortmund

ខកខាន​ឈ្នះ​ពាន​លីគ​កំពូល​តាំង​រដូវ​កាល ២០១១/១២ តែ​បើ​និយាយ​អំពី​ប្រាក់​ចំណូល​លើ​ការ​លក់​ចេញ​កីឡាករ គឺ​បាន​ផល​ចំណេញ​ច្រើន​ជាង​ទាំង​ក្លឹប​ជោគជ័យ Bayern Munich ទៅ​ទៀត។ ត្រួសៗ​អំពី​ឈ្មោះ​កីឡាករ​ថ្លៃ​បំផុត​ទាំង ៥ ដែល Dortmund បាន​លក់​ចេញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ មាន​ដូច​ Erling Haaland ទិញ​ចូល​តែ ២០ លាន លុះ​រំលង​ ២​ ឆ្នាំ​ក្រោយ លក់​ចេញ​ទៅ​វិញ​បាន​ដល់ ៦០ លាន​អឺរ៉ូ។

ដោយឡែក​មុន​នោះ ជាមួយ​ករណី Pierre-Emerick Aubameyang យក​ចេញ​ពី Saint-Etiene ចាយ​កម្លាំង​គ្នា ៥ ឆ្នាំ​ទៅ​ហើយ ក៏​ចុង​ក្រោយ​នៅ​តែ​អាច​លក់​ឲ្យ​ទៅ Arsenal បាន​ចំណេញ​ជាង ៥០ លាន ហើយ​កាន់​តែ​ពិសេស​ជាមួយ Christian Pulisic ដែល​បណ្តុះ​តាំង​ពី​នៅ​ឈុត​ថ្នាល ក្រោយ​ឡើង​មក​ឈុត​ធំ​បាន ៣ ឆ្នាំ ក៏​អាច​ចំណេញ​លើ​គោក​ដល់ ៦៤ លាន​អឺរ៉ូ។

ពីរ​រូប​ចុង​ក្រោយ​គឺ Jadon Sancho ទៅ​ខំ​យក​​ពី Man City តាំង​គ្នា​នៅ​ឈុត U18 មក​បណ្តុះបណ្តាល ៤ ឆ្នាំ ក៏​អាច​លក់​ចេញ​ទៅ​ឲ្យ Man Utd វិញ​ នៅ​តម្លៃ ៨៥ លាន ចំណេញ​លើស ១ ទ្វេ​ជា ៤ ខណៈ Ousmane Dembele ជា​កីឡាករ Dortmund ​ថ្លៃ​បំផុត ក៏​អាច​កើប​ផល​ចំណេញ ក្រោយ​ផ្លាស់​ទៅ Barcelona ដល់​លើស ១០០ លាន​អឺរ៉ូ​ឯ​ណោះ។

២) ក្លឹប​ហូឡង់ Ajax Amsterdam

ខុស​ពី Dortmund សម្រាប់ Ajax បើ​ទោះ​បី​ផ្តោត​លើ​អាជីវកម្ម​លក់​ចេញ​កីឡាករ តែ​សមិទ្ធផល​សម្រេច​បាន​ក្នុង​ស្រុក ដូច​ការ​ឈ្នះ​ពាន Eredivise ពួក​គេ​តែង​នៅ​ធ្វើ​បាន​ជា​រឿយៗ។ ការ​លក់​ចេញ​ថ្លៃ​បំផុត​ទាំង ៥ របស់​ក្លឹប​​ខាង​លើ មាន​ដូច​ជា ដំណើរ​​ផ្ទេរ Davinson Sanchez ទៅ​ឲ្យ Spurs បាន​ថ្លៃ ៤២ លាន​អឺរ៉ូ ហើយ​​ប្រាក់​ចំណេញ​​ធំ​ទើប​កើត​ឡើង​ថ្មីថ្មោង គឺ Lisandro Martinez ដែល Ajax ចេះ​សម្លឹង​យក​ចេញ​ពី Defensa នៅ​អាហ្សង់ទីន តាំង​ឆ្នាំ ២០១៩ ត្រឹម​តម្លៃ ៧ លាន​អឺរ៉ូ ដល់​ហើយ​លក់​បាន​វិញ​ជាង ៥៧ លាន។

ចំណែក​ឯ​ដៃ​គូ​តំបន់​ការពារ និង​បម្រើ​គឺ​ពិសេស​ជាង​គេ ដូច Matthijs de Ligt ក្រោយ​ផ្ទេរ​ទៅ Juventus នាំ​ឲ្យ​ក្លឹប​ចំណេញ​លើ​គោក ដល់ ៨៥,៥ លាន ហើយ Frenkie de Jong ទៅ Barcelona ចំណេញ ៨៦ លាន ដល់​តែ Antony ជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត តែ Ajax ចំណេញ​បាន​ជាង ៧៩ លាន​ប៉ុណ្ណោះ ធៀប​នឹង​តម្លៃ​ដើម គ្រា​នាំ​ចេញ​ពី Sao Paulo នៅ​ពីរ​ឆ្នាំ​មុន​ការ​លក់​ចេញ។

១) ក្លឹប​ព័រទុយហ្គាល់ Benfica

ក្នុង​ចំណោម​ក្លឹប​​ពូកែ​ធ្វើ​អាជីវកម្ម​ទាំង ៣ គឺ Benfica នេះ​ហើយ ជា​អ្នក​អាច​លក់​ចេញ​កីឡាករ​បាន​ថ្លៃ​បំផុត ដូច​ករណី Joao Felix ចំណេញ​ទាំង​ដុល ១២៧,២ លាន រួច​ថែម​មក Enzo Fernandez ទើប​សម្រេច​ផ្ទេរ​ឲ្យ Chelsea កើត​ជា​កីឡាករ​ថ្លៃ​បំផុត​នៅ Premier League បាន​តម្លៃ​ខ្លួន ១២១ លាន ​ក៏​ចំណេញ​លុយ​សុទ្ធ​ជាង ៧៦ លាន ត្រឹម​ការ​អភិវឌ្ឍ​រយៈ​ពេល​មិន​ដល់​កន្លះ​ឆ្នាំ។

៣ រូប​ផ្សេង​ទៀត​មាន​ដូច Darwin Nunez លក់​ទៅ​ឲ្យ Liverpool បាន​តម្លៃ ៨០ លាន ហើយ Ruben Dias ដែល​ជា​អតីត​យុវជន​ថ្នាល​របស់ Benfica នាំ​ឲ្យ​ក្លឹប​ចំណេញ​ការ​ផ្ទេរ ១០០ ភាគរយ នៅ​តម្លៃ ៧១,៦ លាន និង​ចុង​ក្រោយ​គឺ Ederson Moraes ដែល​ប្រហែល​គ្នា​យើង​មិន​​ជា​បាន​ដឹង​ច្រើន​នោះ​ទេ​ ថា​កីឡាករ​ប្រេស៊ីល​ក៏​ធ្លាប់​ជា​សមាជិក​របស់ Benfica ផង​ដែរ ហើយ​អតីត​ក្លឹប​ចាយ​លុយ​ត្រឹម ៥០០ ០០០ អឺរ៉ូ មុន​លក់​ចេញ​ទៅ​វិញ​នៅ​ពីរ​ឆ្នាំ​បន្ទាប់ ដល់ ៤០ លាន​អឺរ៉ូ​ពេញ​ថ្លៃ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT