Man Utd នឹងដំណើរការនីតិវិធីផ្ទៃក្នុងដោយខ្លួនឯងម្តងទៀត មុននឹងសម្រេចចិត្តកោះហៅ Greenwood មកវិញ

Manchester United “នឹងដំណើរការនីតិវិធីផ្ទៃក្នុងដោយខ្លួនឯង” មុនពេលកំណត់ជំហានបន្ទាប់ បន្ទាប់ពីការចោទប្រកាន់ទាំងអស់ប្រឆាំងនឹង Mason Greenwood ត្រូវបានទម្លាក់ចោល។
ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២២ ដោយត្រូវបានចោទប្រកាន់ពីបទការបង្ខិតបង្ខំ និងការរំលោភបំពាន ទៅលើអតីតមិត្តស្រីកាលពីឆ្នាំមុន ហើយបន្ទាប់ពីការស៊ើបអង្កេត GMP បានបញ្ជាក់ថា ការចោទប្រកាន់ទាំងអស់ត្រូវបានទម្លាក់ចោល។

Greenwood បានបង្ហាញទម្រង់លេងចុងក្រោយសម្រាប់ក្រុមបិសាចក្រហមកាលពីថ្ងៃទី២២ ខែមករាឆ្នាំមុន ក្នុងជ័យជម្នះ ១-០ ទល់នឹងក្រុម West Ham ហើយត្រូវបានក្លឹបផ្អាកតាំងពីពេលនោះមក។

ពេលនេះ United គ្រោងនឹងធ្វើការពិនិត្យដោយខ្លួនឯង មុនពេលមានការសម្រេចចិត្តបន្ថែមទៀតមុនចាប់ផ្តើមការទាក់ទងរបស់គាត់ជាមួយក្លឹបឡើងវិញ។សេចក្តីថ្លែងការណ៍របស់ក្លឹបបិសាចក្រហមមួយបានសរសេរថា៖

“Manchester United បានលឺការសម្រេចចិត្តរបស់ប៉ូលីស Greater Manchester ដែលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹង Mason Greenwood ត្រូវបានទម្លាក់ចោល។ ឥឡូវនេះក្លឹបនឹងដំណើរការនីតិវិធីផ្ទៃក្នុងដោយខ្លួនឯង មុនពេលកំណត់ជំហានបន្ទាប់។ យើងនឹងមិនធ្វើអត្ថាធិប្បាយណាមួយបន្ថែមទៀតទេ រហូតដល់ដំណើរការនោះបានបញ្ចប់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT