Nunez ​ថា​ខ្លួន​ពិត​ជា​លេង​មិន​បាន​ល្អ​មែន​នា​រដូវ​កាល​ដំបូង​នៅ Liverpool ​នេះ​

​ខ្សែ​ប្រយុទ្ធ Darwin Nunez ​ក៏​បាន​មើល​ឃើញ​ខ្លួន​ឯង​ថា​លេង​មិន​បាន​ល្អ​ដូច​ការ​គ្រោង​ទុក​ផង​ដែរ ​សម្រាប់​រដូវ​កាល​ដំបូង​នៅ​ក្លឹប​ហង្ស​ក្រហម Liverpool ​នេះ​។

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ទិញ​កីឡាករ​អ៊ុយរុយហ្គាយ​នេះ​ក្នុង​តម្លៃ​ខ្លួន​៨៥​លាន​ផោន ដើម្បី​មក​ជំនួស​កន្លែង​របស់ Sadio Mane ​ដែល​ចាកចេញ​ទៅ​លេង​នៅ Bayern Munich ​។ ​តែ​សម្រាប់​ការ​លេង​នៅ​រដូវ​កាល​ដំបូង​នេះ ឃើញ​ថា Nunez ​នៅ​មិន​ទាន់​ធ្វើ​បាន​ល្អ ​តាម​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន​នៅ​ឡើយ​ទេ។ ​គេ​រក​បាន​១០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២៥​ប្រកួត ​ដែល​ស្ថិតិ​នេះ​ក៏​មិន​អាក្រក់​ដែរ គ្រាន់​តែ​មិន​ទាន់​ដល់​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​បាន ស្រប​ពេល​ទម្រង់​លេង​របស់​ក្រុម​ក៏​ធ្លាក់​ចុះ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ទៀត។

​កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ឯង​ថា​៖ “ខ្ញុំ​មិន​គិត​ថា ខ្ញុំ​លេង​បាន​ល្អ​ហើយ​ទេ​នា​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​តែងតែ​ចង់​ពង្រឹង​សមត្ថភាព​បន្ថែម​ជា​និច្ច។ ខ្ញុំ​តែងតែ​ខិតខំ​ជា​រៀងរាល់​ថ្ងៃ។ Klopp ​យល់​ច្បាស់​ពី​ល្បឿន​របស់​ខ្ញុំ ​ហើយ​គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា​ត្រូវ​ធ្វើ​ចិត្ត​ឱ្យ​ស្ងៀម​និង​ខិតខំ​បន្ថែម​ទៀត​ផង​ដែរ។ ខ្ញុំ​ត្រូវ​ការ​ពេល​បន្ថែម​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT