Miura ​ខ្សែ​ប្រយុទ្ធ​ជប៉ុន​វ័យ​៥៥​ឆ្នាំ ​ចុះ​កុងត្រា​លេង​នៅ​លីគ​ព័រទុយហ្គាល់​

​ខ្សែ​ប្រយុទ្ធ Kazuyoshi Miura ​វ័យ​៥៥​ឆ្នាំ​របស់​ជប៉ុន ​បាន​ចុះ​កុងត្រា​ខ្ចី​ជើង​លេង​នៅ​លីគ​លំដាប់​ទី​២​របស់​ព័រទុយហ្គាល់​ហើយ ​ក្រោយ​ពី​បាន​ធ្វើ​តេស្ដ​សមត្ថភាព​យ៉ាង​ជោគជ័យ។

​Miura ​លេង​នៅ​ជប៉ុន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ខណៈ​ដែល​ក្លឹប​នៅ​លីគ​ទី​២​ព័រទុយហ្គាល់​ចាប់​អារម្មណ៍ ​លោក​ក៏​សម្រេចចិត្ត​ចូល​រួម​តែ​ម្ដង។ ​ក្លឹប​នៅ​លីគ​ទី​២​នោះ​គឺ Oliveirense ដែល​បាន​សម្រេច​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​វ័យ​៥៥​ឆ្នាំ​នេះ​រហូត​ដល់​ចប់​រដូវ​កាល។ ​លោក Miura ​ក៏​មាន​បំណង​បញ្ចប់​អាជីព​បាល់ទាត់​​របស់​ខ្លួន​ផង​ដែរ ​តែ​នៅ​អាយុ​៦០​ឆ្នាំ​ឯ​ណោះ។ ដូច្នេះ លោក​នៅ​សល់​ពេល​៥​ឆ្នាំ​ទៀត​ដើម្បី​បន្ដ​អាជីព​បាល់ទាត់​នេះ ​ក្នុង​ការ​សម្រេច​ក្ដី​ស្រមៃ​ខ្លួន។

​បុរស​ដែល​មាន​រហស្សនាម King Kazu ​ខាង​លើ​នេះ ​ក៏​ធ្លាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​ផង​ដែរ​ពី​ឆ្នាំ ១៩៩០ ​ដល់​២០០០។ ​នៅ​ក្លឹប​បាល់ទាត់​អាជីព​វិញ ​លោក​ចាប់​ផ្ដើម​អាជីព​តាំង​ពី​ឆ្នាំ​១៩៨៦​មក ​ជាមួយ​ក្លឹប Santos ​ហើយ​ធ្លាប់​លេង​ឱ្យ​ក្លឹប​ជាង​១០​ក្លឹប​មក​ហើយ។ ​ក្លឹប​ចុង​ក្រោយ​ដែល​លោក​លេង​ច្រើន​ឆ្នាំ​បំផុត​នោះ​គឺ Yokohama FC ​ពី​ឆ្នាំ​២០០៥​មក។ ​បច្ចុប្បន្ន​លោក​ក៏​ជា​កីឡាករ​ក្លឹប Yokohama FC ​ដែរ ​ដោយ​លេង​ឱ្យ​ក្លឹប Oliveirense គឺ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT