Mbappe របួស ​ស្រប​ពេល​ជំនួប Bayern Munich ​កៀក​មក​ដល់​

​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​បាន​រង​របួស​ទៅ​ហើយ​កាល​ពី​យប់មិញ​នេះ ខណៈ​ដែល​ប្រកួត​សំខាន់​ទល់​ក្រុម Bayern Munich ​នៅ UEFA Champions League ​កាន់​តែ​កៀក​មក​ដល់​ផង​ដែរ។

​ក្រុម PSG ​បាន​យក​ឈ្នះ​លើ​ក្រុម Montpellier ​ក្នុង​លទ្ធផល ​៣-១។ ​ក្នុង​ប្រកួត​នេះ​ដែរ Kylian Mbappe ​ប៉េណាល់ទី​មិន​ចូល​ដល់​ទៅ​២​ដង ​ហើយ​ក្រោយ​ពី​នោះ​មក រូបគេ​ថែម​ទាំង​មាន​បញ្ហា​របួស​ថែម​ទៀត។ ​កីឡាករ​បារាំង​រូប​នេះ​មាន​អាការៈ​ឈឺ​ភ្លៅ ​តែ​មិន​ទាន់​ច្បាស់​ថា​នឹង​ធ្ងន់ធ្ងរ​កម្រិត​ណា​នោះ​ទេ។ ​នេះ​ជា​កង្វល់​មួយ​សម្រាប់​គ្រូ​បង្វឹក PSG ​ផង​ដែរ ព្រោះ​ការ​ប្រកួត​ទល់ Bayern Munich ​នៅ UEFA Champions League ​នឹង​មក​ដល់​នៅ​ពីរ​សប្ដាហ៍​ទៀត​នេះ​ហើយ។

​រំលឹក​ថា​ក្រុម PSG ​កំពុង​ឈរ​នៅ​កំពូល​តារាង Ligue1 ​ស្រាប់​ទៅ​ហើយ ដូច្នេះ​មិន​បារម្ភ​ច្រើន​ទេ​សម្រាប់​ការ​ប្រកួត​ក្នុង​លីគ។ តែ​នៅ UEFA Champions League ​វិញ ទើប​ជា​អ្វី​ដែល​ក្លឹប​ចង់​បាន​បំផុត។ ​ថ្នាក់​ដឹក​នាំ PSG ​តែងតែ​កំណត់គោលដៅ​យក​ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប​នេះ​ជា​និច្ច ខណៈ​ដែល​ពាន​ក្នុង​ស្រុក​គឺ​ជា​ជម្រើស​ទី​២​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT