មេ​ថ្មី Chelsea រក​ឃើញ​ចន្លោះ​របស់ UEFA ទើប​អាច​ចាយ​លុយ ៦០០ លាន ដោយ​មិន​ល្មើស​ច្បាប់ FFP

និយាយ​ហើយ​គឺ​ធ្វើ មិនមែន​ក្រវែល​ឲ្យ​តែ​កើត​ចចាមអារ៉ាម​នោះ​ទេ នេះ​ក្រោម​ការ​ត្រួសត្រាយ​របស់​ម្ចាស់​ថ្មី​លោក Todd Boehly គិត​ចាប់​តាំង​រដូវ​ក្តៅ​ឆ្នាំ​ទៅ ពោល​រាប់​ពេញ​មួយ​រដូវ​កាល ២០២២/២៣ ក្លឹប​តោ​ខៀវ Chelsea បាន​ចំណាយ​លើ​ការ​នាំ​ចូល​កីឡាករ​អស់ ៦២៩ លាន​អឺរ៉ូ ដល់​ថ្នាក់​បំបែក​កំណត់ត្រា​ Barcelona ធ្លាប់​ចារ​ទុក​ ៥ ឆ្នាំ​មុន ចាយ​អស់ ៣៨០ លាន។

Enzo Fernandez ទើប​តែ​សម្រេច​ការ​នាំ​យក​​មុន​នេះ ក្នុង​នាម​ជា​កីឡាករ​ថ្លៃ​បំផុត​នៅ Premier League ពោល​មាន​តម្លៃ ១២១ លាន​អឺរ៉ូ បូក​ផ្សំ​នឹង​ចំណាយ​ធំៗ​ផ្សេង​ទៀត ដូច​វត្តមាន Mykhailo Mudryk, Wesley Fofana និង Marc Cucurella ជា​ដើម។ ចំណូល​តិច​ចំណាយ​ច្រើន ជា​សំណួរ​ដែល​បងប្អូន​យើង​ភាគច្រើន​កំពុង​មាន​ការ​ងឿងឆ្ងល់ ហើយ​កាន់​តែ​មិន​យល់​ថា ហេតុអ្វី​បាន​ជា​ក្លឹប​អង់គ្លេស​មួយ​នេះ អាច​គេច​ផុត​ច្បាប់​កំណត់​លើ​ការ​ចំណាយ Financial Fair Play របស់ UEFA?

ចម្លើយ​មួយ​ម៉ាត់​ងាយ​យល់ គឺ​ត្រង់​យុទ្ធសាស្ត្រ​ម្ចាស់ថ្មី​ជនជាតិ​អាមេរិក លោក​បាន​រក​ឃើញ​ចន្លោះ​ប្រហោង​របស់ UEFA ហើយ​បាន​ច្បិច​យក​ចន្លោះ​មួយ​នោះ មក​អនុវត្ត​ជាមួយ​ផែនការណ៍​បង់​រំលស់​​រយៈ​ពេល​យូរ។

១) អ្វី​ទៅ​ជា​ចន្លោះ​ប្រហោង​របស់ UEFA?

ក្រោម​ការ​រៀបចំ​ច្បាប់​របស់​សមាគម​បាល់ទាត់​អឺរ៉ុប បាន​មើល​រំលង​ការ​ចំណាយ​បណ្ដាក់​រយៈ​ពេល​យូរ ដែល​ជា​ហេតុ​នាំ​ឲ្យ Chelsea អាច​យក​វា​ទៅ​អនុវត្ត ជាមួយ​ការ​ទិញ​​ចូល Mykhailo Mudryk និង Enzo Fernandez ​លើ​សុពលភាព​កុងត្រា​ដល់​ទៅ ៨ ឆ្នាំ​កន្លះ។

យុទ្ធសាស្ត្រ​របស់​មហាសេដ្ឋី​វ័យ ៤៩ ឆ្នាំ គឺ​បាន​យក​ចន្លោះ​ប្រហោង​មួយ​នេះ ទៅ​ចរចា​បង់​រំលស់​តាម​ដំណាក់កាល​រវាង​ភាគី​ក្លឹប​អាណាព្យាបាល ហើយ​ទោះ​តម្លៃ​ខ្លួន​កីឡាករ​ខ្ពស់​ប៉ុណ្ណា ក៏ Chelsea មិន​ញញើត​នឹង​ចំណាយ​នោះ​ដែរ ព្រោះ​ដឹង​ច្បាស់​ថា​នឹង​​ពុំ​មាន​ការ​ល្មើស​ច្បាប់ FFP ឡើយ។

ដូច​ករណី​កីឡាករ​អ៊ុយក្រែន ដែល​ក្លឹប​ចាយ​លុយ​ ៧០ លាន​អឺរ៉ូ ថ្ពក់​យក​ពី Shakhtar Donetsk គឺ Chelsea បាន​បង់​រំលស់​ជា​ដំណាក់កាល ហើយ​មួយ​ឆ្នាំ​ចាយ​មិន​ដល់ ១០ លាន​អឺរ៉ូ​ផង។ មិន​ខុស​គ្នា​នោះ​ទេ​នឹង​ការ​នាំ​យក​​កីឡាករ​ឈ្នះ​ជើង​ឯក World Cup ពី Benfica ដ្បិត​ស្ថិត​នៅ​តម្លៃ​ ១២១ លាន​អឺរ៉ូ ក៏ Chelsea មិន​បាន​ចាយ​លុយ​ទាំង​ដុំ​ទៅ​បញ្ចប់​នោះ​ដែរ ពោល​បង់​​ជា ៦ ដំណាក់​កាល ហើយ​ការ​ចំណាយ​ដំបូង​អស់​តែ ៣៤ លាន​អឺរ៉ូ​ប៉ុណ្ណោះ រួច​ពេលវេលា​សេសសល់ ៨ ឆ្នាំ​កន្លះ សឹម​ធ្វើ​ការ​ទូទាត់​តាម​ក្រោយ។

២) តើ​ក្លឹប​ដទៃ​អាច​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​តាម Chelsea បាន​ដែរ​ឬ​ទេ?

ក្រោយ​​ឃើញ​អ្វី​ដែល​ក្លឹប​ម្ចាស់ដី Stamford Bridge បាន​ធ្វើ ក៏​ស្រាប់​តែ​សមាគម​បាល់ទាត់​អឺរ៉ុប មាន​ការ​ភ្ញាក់ខ្លួន​ព្រឺត ហើយ​ប្រញាប់​ចាត់​វិធានការណ៍​កែសម្រួល​ច្បាប់​ថ្មី ដោយ​កំណត់​ថា ចាប់​ពី​រដូវ​ក្តៅ ឆ្នាំ​ ២០២៣ ត​ទៅ​មុខ បណ្តា​ក្លឹប​នៅ​អឺរ៉ុប​ទាំង​អស់ នឹង​មិន​អនុញ្ញាត​ឲ្យ​នាំ​ចូល​កីឡាករ​លើ​សុពលភាព​កុងត្រា​លើស​ពី ៥ ឆ្នាំ​ឡើយ។

នេះ​មាន​ន័យ​ថា​ទោះ ក្លឹប​ចង់​បង់​រំលស់​ប៉ុន្មាន​ដំណាក់​កាល​ក៏​ដោយ ចាំ​បាច់​ត្រូវ​តែ​ទូទាត់​ខ្ទង់​ចំណាយ​ទាំង​អស់​ឲ្យ​ដាច់​ស្រេច​ត្រឹម​រយៈ​ពេល ៥ ឆ្នាំ​ជា​កំហិត។

៣) តើ​មាន​​ផល​ចំណេញ និង​ផល​ប៉ះពាល់​អ្វី​ខ្លះ​សម្រាប់​ក្លឹប?

ផល​ចំណេញ​គឺ Chelsea បាន​ជញ្ជក់​យក​វា​រួចរាល់​ហើយ ត្រង់​អាច​នាំ​ចូល​កីឡាករ​ជា​ច្រើន​ហូរហែ ដោយ​មិន​ឲ្យ UEFA ចាប់​បាន​នោះ​ឯង។ តែ​បើ​និយាយ​អំពី​ផល​ប៉ះពាល់​ពេល​ទៅ​មុខ គឺ​ទាក់ទិន​នឹង​ខ្ទង់​ចំណាយ ដែល​ក្លឹប​អាច​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ជួប​ប្រទះ​​វិបត្តិ​ហិរញ្ញវត្ថុ ប្រសិន​ជា​កីឡាករ​ដែល​នាំ​ចូល មិន​អាច​បង្ហាញ​ទម្រង់​លេង​ល្អ ដូច​គ្នា​នឹង​ក្លឹប​មិន​អាច​ឈ្នះ​ពាន​រង្វាន់​កំពូល​ណា​មួយ។

បើ​កីឡាករ​ធ្វើ​បាន​ល្អ ក្លឹប​លក់​ចេញ​ក៏​អាច​ចំណេញ​ឬ​ស្មើ​ដើម តែ​បើ​កីឡាករ​ធ្លាក់​ជើង នោះ​ក្លឹប​ក៏​នៅ​តែ​ត្រូវ​ទទួល​បន្ទុក​ចំណាយ​លើ​ប្រាក់​ឈ្នួល លើ​តម្លៃ​ផ្ទេរ​ពេញ ១០០ ភាគរយ ដូច​បាន​កំណត់​ក្នុង​កិច្ច​ព្រមព្រៀង​ទៅ​ឲ្យ​ក្លឹប​ចាស់​ដដែល។ ជា​ឧទាហរណ៍​ប្រសិន​ជា​រដូវ​កាល ២០២៣/២៤ Chelsea មិន​អាច​ទទួល​បាន​កៅអី Champions League ហើយ​បាន​ត្រឹម Europa League នោះ​ក៏​ជា​ការ​បាត់បង់​ប្រភព​ចំណូល​ធំ​មួយ​បាត់​ទៅ​ហើយ នេះ​មិន​ទាន់​រាប់​បញ្ចូល​ចំណូល​ពី​ពាន​រង្វាន់​នានា​ដទៃ​ទៀត​ផង។

មួយ​ផ្សេង​ទៀត ក្លឹប​ក៏​មិន​អាច​ចុះ​បញ្ជី​កីឡាករ​លើស​ពី ២៥ រូប​នោះ​ដែរ ម្ល៉េះ​ទាមទារ​ឲ្យ​មាន​ការ​លក់​ចេញ ទិញ​ចូល​ជា​ចាំ​បាច់ ហើយ​បើ​គាំង​លើ​ប្រាក់​ចំណូល ដោយសារ​ការ​មិន​អាច​សម្រេច​សមិទ្ធផល​ដូច​គោលដៅ​កំណត់​ផង នោះ​វា​នឹង​កាន់​តែ​ស្មុគស្មាញ​ខ្លាំង ពោល​ផ្លូវ​ដែល Chelsea កំពុង​ដើរ គឺ​មិន​ជា​ខុស​នឹង​អ្វី​ដែល Barcelona បាន​ធ្វើ​កន្លង​មក​នោះ​ឡើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT