កម្ពុជា ត្រៀម​រូច​ហើយ​ក្នុង​ការ​ស្វាគមន៍​អ្នក​គាំទ្រ និង​ភ្ញៀវ​ទេសចរ​

កម្ពុជា​តាម​រយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ​និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ​ឆ្នាំ២០២៣ ​បានត្រៀមខ្លួនជាស្រេច ​ដើម្បីស្វាគមន៍ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​អ្នក​គាំទ្រ ​និង​ភ្ញៀវ​ទេសចរ​ ដូចទៅនឹងការទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡាទាំងអស់ ដែល​នឹង​ចូល​រួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម ​ឆ្នាំ២០២៣ ​នៅ​កម្ពុជា​ដែរ​។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់ Camsoc ។

នេះ​បើ​តាម​ប្រសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋ​មន្ដ្រី​ក្រសួង​ការពារ​ជាតិ ​និងជាប្រធាន CAMSOC-CAMAPGOC ​បន្ទាប់​ពី​សម្ដេច​ពិជ័យ​សេនា អម​ដំណើរ​ដោយ​អនុប្រធានអចិន្ដ្រៃយ៍ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ប្រតិភូ​ ចុះ​ត្រួតពិនិត្យទីតាំងជាក់ស្ដែង នៃការសាងសង់ភូមិកីឡា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុង​ពហុ​កីឡដ្ឋាន​ជាតិមរតកតេជោ ​នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដំណើរទស្សនកិច្ច និងកិច្ចប្រជុំខាងលើថា សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញការត្រៀមលក្ខណៈទទួលភ្ញៀវ ជាលក្ខណៈអ្នកគាំទ្រ និងទេសចរផងដែរ ដ្បិតពេលនេះ កម្ពុជាបានក្លាយជាគោលដៅដ៏សំខាន់ សម្រាប់អ្នកគាំទ្រវិស័យកីឡា នៃបណ្ដាប្រទេសសមាជិក ក៏ដូចជាភ្ញៀវបរទេស បន្ទាប់ពីពួកគេបានមើលឃើញការត្រៀមខ្លួនបានយ៉ាងល្អរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូងនេះ ។

ឯកឧត្តមអគ្គលេខាធិការបន្ដថា «អ្នកគាំទ្រ និងភ្ញៀវទេសចរ ឥលូវនេះ គឺគេចង់មកកម្ពុជា ព្រោះគេឃើញថា ស៊ីហ្គេមនៅកម្ពុជានេះ កម្ពុជាបានត្រៀមលក្ខណៈបានល្អប្រសើរ ។ អ៊ីចឹងប្រទេសជិតខាង ក៏ដូចជាប្រទេសទាំងអស់ បានដាក់គោលដៅមក ដូចក្នុងកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេមប៉ុន្មានថ្ងៃមុន ។ ជាក់ស្ដែង ឥណ្ឌូនេស៊ី ដូចយើងដឹងហើយ កាលស៊ីហ្គេម នៅវៀតណាម ពួកគេទៅរាប់ពាន់នាក់ ។ អ្នកគាំទ្រឥណ្ឌូនេស៊ីច្រើន ចូលដល់ម៉ឺននាក់ គ្រាន់តែអ្នកគាំទ្រ ហើយនាយបេសកកម្មស៊ីហ្គេមឥណ្ឌូនេស៊ី ក៏រំពឹងមានពលរដ្ឋខ្លួនមកចូលរួមច្រើនដែរ» ។

«អ៊ីចឹងយើងត្រៀមទាំងផ្លូវអាកាស ទាំងការផ្ដល់នូវបដិសណ្ឋារកិច្ច សន្ដិសុខ សណ្ដាប់ធ្នាប់ ហើយយើងត្រៀមសណ្ឋាគារផ្កាយ៥ ផ្កាយ៤ និងផ្កាយ៣ រាប់ពាន់ រាប់ម៉ឺនបន្ទប់ សម្រាប់ផ្ដល់ឲ្យភ្ញៀវដែលមកចូលរួមជាអ្នកគាំទ្រហ្នឹង ។ កាលណាយើងផ្ដល់សណ្ឋាគារជាសណ្ឋាគារស្ដង់ដារ ដែលទទួលស្គាល់ដោយ CAMSOC គេមានភាពកក់ក្ដៅ ទាំងសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ជាដើម ។ ហេតុនេះ យើងបានជំរុញឲ្យគ្រប់ផ្នែកត្រៀមខ្លួន ពិសេសសណ្ឋាគារ ក៏ត្រូវបានធានាឲ្យបានល្អ ដើម្បីទទួលស្វាគមន៍ផងដែរ» ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT