Spurs ​ចុះ​កុងត្រា​យក​ Pedro Porro ​ពី​ក្រុម Sporting ​តម្លៃ​៤២​លាន​ផោន​

​ក្រុម Spurs ​បាន​ចុះ​កុងត្រា​យក​ខ្សែ​ការពារ​ស្លាប​ Pedro Porro ​ពី​ក្រុម Sporting Lisbon ​មក​ហើយ​ក្នុង​តម្លៃ​ខ្លួន​៤២​លាន​ផោន​។

​ក្រុម​របស់​លោក Conte ​បាន​ដាក់​គោលដៅ​យក Pedro Porro ​តាំង​ពី​ដើម​ខែ​មករា​ឆ្នាំ​២០២៣​នេះ​ម្ល៉េះ ប៉ុន្តែ​ការ​ចរចា​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ដោះដូរ​កីឡាករ ទើប​អាច​រក​ចំណុច​រួម​គ្នា​បាន។ ដោយ​ក្រុម Spurs ​យល់​ព្រម​ចំណាយ​ប្រាក់​៤២​លាន​ផោន​ដើម្បី​ទិញ​យក Pedro ​ពី​ក្រុម Sporting ​មក។ រូបគេ​នឹង​ធ្វើ​ដំណើរ​មក​ដល់​អង់គ្លេស ​ហើយ​ធ្វើ​តេស្ដ​សុខភាព ​និង​ត្រៀម​បង្ហាញ​ខ្លួន​ឆាប់​ៗ​នេះ​ផង​ដែរ។ លោក Conte ​រំពឹង​ថា​កីឡាករ​ថ្មី​នេះ ​នឹង​អាច​ជួយ​ក្លឹប​បាន​ច្រើន​ឡើង​វិញ​មិន​ខាន។

​ក្រុម Spurs ​បច្ចុប្បន្ន​នៅ​ឈរ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង Premier League ​ដោយ​មាន​៣៦​ពិន្ទុ ​ឆ្លង​កាត់​២១​ប្រកួត។ ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ Man Utd ​វិញ ​មាន​៣៩​ពិន្ទុ ​លេង​២០​ប្រកួត ​ខណៈ​លេខ​៣ Newcastle United ​មាន​៣៩​ពិន្ទុ​ដែរ។ ក្រុម​លេខ​២ Man City ​មាន​៤៥​ពិន្ទុ ​និង​ក្រុម​កំពូល​តារាង Arsenal ​មាន​៥០​ពិន្ទុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT