ប៉ះ​មាត់​មួយ​ឆាវ Joao Cancelo ដល់​ថ្នាក់​សុំ​ក្លឹប​ដើរ​ចេញ ទៅ​បំពេញ​ទ័ព​ល្បឿន​​នៅ Bayern Munich

នៅ​ព្រឹក​ថ្ងៃ​អង្គារ មុន​មួយ​ថ្ងៃ​នៃ​ការ​បិទ​ទីផ្សារ​ដោះដូរ​រដូវ​រងា ឆ្នាំ ២០២៣ ក៏​កើត​មាន​ដំណឹង​ភ្ញាក់ផ្អើល ដែល​គ្មាន​សូម្បី​ចចាមអារ៉ាម​ធ្លាប់​ចុះ​ផ្សាយ នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ចាកចេញ​របស់ Joao Cancelo ទៅ​កាន់​ក្លឹប​អាល្លឺម៉ង់ Bayern Munich។

ជា​សមាជិក​ល្បឿន​លឿន​លំដាប់​ទី ៤ ឲ្យ​ក្លឹប​មេឃ​ខៀវ Man City បន្ទាប់​តែ​ពី Erling Haaland, Phil Foden និង Kyle Walker ឥឡូវ​បែរ​ត្រូវ​របូត ទៅ​ឲ្យ​ក្លឹប​យក្ស​នៅ​ឯ​ក្របខ័ណ្ឌ Bundesliga ក្នុង​ចន្លោះ​ពេលវេលា​សេសសល់​ដល់​បញ្ចប់​រដូវ​កាល។ នេះ​បើ​តាម​ព័ត៌មាន​បែក​ធ្លាយ រៀប​នឹង​ប្រកាស​នៅ​​ប៉ុន្មាន​ម៉ោង​បន្ទាប់។

តាម​របាយការណ៍​ពី​កាសែត The Athletic ចុះ​ផ្សាយ​ថា កីឡាករ​ព័រទុយហ្គាល់​បាន​ជ្រើស​ការ​ផ្ទេរ​ទៅ​ក្លឹប Bayern នៅ​លក្ខខណ្ឌ​ខ្ចី​ជើង ដល់​ចុង​ខែ​មិថុនា ជាមួយ​នឹង​សិទ្ធ​ទិញ​ផ្តាច់​កុងត្រា​នៅ​តម្លៃ​ ៧០ លាន​អឺរ៉ូ។ មក​ទល់​ពេល​នេះ Cancelo បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព មុន​សម្រេច​ការ​ប្រកាស​ដំណឹង​ផ្លូវការ​នា​ជំហាន​បន្ទាប់។

ជុំវិញ​ហេតុផល​ឈាន​ដល់​ការ​ចាកចេញ​យ៉ាង​តក់ក្រហល់​កៀក​នឹង​បិទ​ទីផ្សារ​ទៅ​ហើយ បើ​តាម​សារព័ត៌មាន Daily Mail សង្កត់​ធ្ងន់​ថា មក​ពី​ការ​ប៉ះ​ពាក្យ​ឈ្លោះ​ប្រកែក​គ្នា​រវាង​កីឡាករ​និង​អ្នកចាត់ការ​លោក Pep Guardiola នៅ​ពេល​ហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ​មុន ត្រៀម​សម្រាប់​ជំនួប​ជួប Arsenal នា​ពាន​រង្វាន់ FA Cup។

ចាំ​បាន​ថា​ពេល​នោះ City យក​ឈ្នះ​ទៅ​លើ Arsenal ១-០ ហើយ​កីឡាករ​វ័យ​ ២៨ ឆ្នាំ មិន​ទទួល​បាន​ឱកាស​សូម្បី​តែ​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង។ ដើមហេតុ​គឺ​ត្រង់​នោះ​ហើយ ដោយ​ដំបូង​ពេល​ហ្វឹកហាត់ កីឡាករ​បាន​ទទួល​ដំណឹង​ពី​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ ថា​គេ​នឹង​មិន​បាន​ជាប់​ជម្រើស​ដំបូង​ក្នុង​ការ​ប្រកួត​ឡើយ ហើយ Cancelo ​មាន​ការ​អាក់អន់ចិត្ត​ជា​ខ្លាំង ដោយ​ដ្បិត​ថា​នៅ Premier League ជា​លីគ​កំពូល​អត់​បាន​លេង​ ដល់​តែ​មក​ពាន​ក្នុង​ស្រុក FA Cup ក៏​មិន​បាន​ឈរ​ជើង​ថែម​ទៀត។

រហូត​ដល់ថ្នាក់ Cancelo បោះ​ពាក្យ​ព្រមាន​ទៅ​ថ្នាក់​លើ​ក្លឹប ថា​បើ​ខ្លួន​មិន​បាន​លេង​នៅ FA Cup ទល់ Arsenal នោះ​ថ្ងៃ​បន្ទាប់ ក៏​រាប់​ជា​ថ្ងៃ​ដែល​លែង​មាន​វត្តមាន​របស់​គេ​ត​ទៅ​ទៀត​នៅ Man City។ ដល់​តែ​ចម្លើយ​ឆ្លើយតប​ពី​ក្លឹប គឺ​បាន​បើក​ភ្លើង​ខៀវ ហើយ​ថា​ឲ្យ​តែ​ក្លឹប​ណា​ហ៊ាន​ផ្តល់​សំណើ​សមរម្យ នោះ​កីឡាករ​លេង​តំណែង​ការពារ​ស្លាប​ស្តាំ អាច​ចាកចេញ​ទៅ​បាន។

ឥឡូវ​រក​បាន​ហើយ​ភាគី​ដែល​ចង់​បាន នោះ​គឺ Bayern Munich តែ​ត្រឹម​លក្ខខណ្ឌ​ខ្ចី​ជើង ហើយ​សឹម​ចរចា​ទិញ​ផ្តាច់​នៅ​ពេល​បន្ទាប់ ក្នុង​តម្លៃ​ចន្លោះ​ពី ៦០ ទៅ ៧០ លាន​អឺរ៉ូ។

ជាមួយ​វត្តមាន Cancelo ដែល​ជា​កីឡាករ​ពូកែ​ក្នុង​ការ​ប្រើប្រាស់​ល្បឿន ក៏​នឹង​មក​បំពេញ​ទៅ​ក្នុង​ក្បួន​ទ័ព​ល្បឿន​លឿន Bayern Munich កំពុង​មាន​ស្រាប់ ជាក់ស្តែង​ដូច​ដៃ​គូ​លេង​តំណែង​ការពារ​ស្លាប​គឺ Alphonso Davies បូក​ផ្សំ​តំបន់​ប្រយុទ្ធ​សុទ្ធ​តែ​ជា​ជើង​រត់ មាន Leroy Sane, Kingsley Coman, Serge Gnabry និង Sadio Mane ជា​ដើម៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT