​Nick Taylor ​ថា​ខ្លួន​ពេញ​ចិត្ត ​បើ​សិន​បាន​លេង​ឱ្យ​កម្ពុជា​នៅ​ស៊ីហ្គេម​២០២៣​

​ខ្សែ​ប្រយុទ្ធ Nick Taylor ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ប្រទេស​កម្ពុជា ​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពី​សំណាក់​ក្លឹប​ក្នុង​លីគ​កំពូល ​ហើយ​ក៏​មាន​ដំណឹង​ថា​រដូវ​កាល​ថ្មី​គេ​នឹង​លេង​នៅ​ទី​នេះ​ផង​ដែរ។

​ទន្ទឹម​គ្នា​នឹង​ដំណឹង​ដ៏​ល្អ​នេះ ក៏​ស្រាប់​តែ​មាន​ដំណឹង​មួយ​ថា ​កីឡាករ​កូន​កាត់​ខ្មែរ អាមេរិក រូប​នេះ​ក៏​មាន​បំណង​ចង់​ចូល​ជួយ​ជម្រើស​ជាតិ​នៅ​ស៊ីហ្គេម​២០២៣​ខាង​មុខ​នេះ​ផង​ដែរ។ ​Nick ​បាន​និយាយ​បែប​នេះ​ថា​៖ “ខ្ញុំ​ពិត​ជាពេញចិត្ត ​ប្រសិនបើ​ត្រូវ​បាន​កោះ​ហៅចូលក្រុមជម្រើសជាតិអាយុក្រោម 22ឆ្នាំ ដើម្បី​តំណាង​ឱ្យ​កម្ពុជា ​នៅស៊ីហ្គេមឆ្នាំ​២០២៣​។ វា​គឺ​ជា​ឱកាស​ក្នុង​ការ​លេង​តំណាង​ឱ្យ​ប្រទេស​ដ៏​អស្ចារ្យ​ ហើយ​ដែល​នឹង​ធ្វើ​ឡើង​នៅ​កម្ពុជា​ទៀត”។

​រំលឹក​ដែរ​ថា ស៊ីហ្គេម​២០២៣​នឹង​ឈាន​មក​ដល់​នៅ​៣​ខែ​ខាង​មុខ​ទៀត​នេះ​ហើយ។ ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់​នៅ​ស៊ីហ្គេម​នេះ​គឺ​ប្រើ​ប្រាស់​កីឡាករ​អាយុ​ក្រោម ​២២ឆ្នាំ​ ព្រម​ជាមួយ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​កីឡាករ​លើស​អាយុ​ចំនួន​ ៣​នាក់​ផង​ដែរ​នៅ​ក្នុង​ក្រុម។ ​លោក Keisuke Honda អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ធ្លាប់បានបញ្ជាក់ថា​ លោក​គ្រោង​នឹងធ្វើការកោះ​ហៅកីឡាករ​លើស​អាយុ​ចំនួន​ ៣នាក់ ​ដើម្បីជួយក្រុមប្រកួតនាមជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

Nick ​មាន​ម្ដាយសញ្ជាតិខ្មែរ ​និងឪពុកសញ្ជាតិអាមេរិក ហាក់​សម្ដែងការពេញចិត្តប្រសិន​ជា​បានក្លាយ​ជា​ផ្នែក​មួយ​នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ប្រកួត​ក្នុងព្រឹត្តិការណ៍​ដ៏មាន​សក្ដានុពល​ប្រចាំតំបន់​ បើទោះបីជាបច្ចុប្បន្នមានវ័យ ២៤ឆ្នាំក៏ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT