Ziyech ​កំពុង​នៅ​បារាំង ​ដើម្បី​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ PSG ​

​ខ្សែ​ប្រយុទ្ធ Hakim Ziyech ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​បារាំង​ហើយ ដើម្បី​សម្រេច​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប PSG ​ក្រោម​លក្ខខណ្ខ​ខ្ចី​ជើង​ពី​ក្រុម Chelsea ​ទៅ។

 

​Ziyech ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Chelsea ​កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ ​ក្រោយ​ពី​គេ​លេង​បាន​យ៉ាង​ល្អ​នៅ​ក្លឹប Ajax ​។ តែ​ការ​បង្ហាញ​ខ្លួន​នៅ​អង់គ្លេស​នេះ គឺ​កីឡាករ​ជម្រើស​ជាតិ​ម៉ារុក​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ ពោល​គឺ​មិន​សូវ​បាន​លេង​ឡើយ។ ដូច្នេះ​ហើយ ទើប​បាន​ជា​ពេល​នេះ​ក្លឹប​យល់​ព្រម​ឱ្យ​គេ​ចេញ​ទៅ​ក្លឹប PSG ​នៅ​ពាក់​កណ្ដាល​រដូវ​កាល​នេះ​ហើយ ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង។

 

​ការ​បញ្ចេញ​កីឡាករ​នេះ​ដែរ ក៏​ព្រោះ​តែ​ក្លឹប Chelsea ​បាន​ទិញ​ចូល​កីឡាករ​ថ្មី​ច្រើន​មែនទែន​នៅ​ខែ​មករា​ឆ្នាំ​២០២៣​នេះ។ ​ដោយ​ពួកគេ​បាន​ចំណាយ​ប្រាក់​ជាង​២០០​លាន​ផោន​ទៅ​ហើយ ទៅ​លើ​កីឡាករ​ថ្មី។ ​ប្រសិន​បើ​មិន​មាន​កីឡាករ​ចាស់​ចេញ​ទេ ​នោះ​ការ​ចុះ​ឈ្មោះ​កីឡាករ​ថ្មី​មិន​អាច​ធ្វើ​ឡើង​បាន​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT