Chelsea ​ត្រៀម ១១៥​លាន​ផោន​ទិញ​យក Enzo ​ពី​ក្រុម Benfica ​

​ក្រុម​តោ​ខៀវ Chelsea ​កំពុង​ត្រៀម​កញ្ចប់​ប្រាក់​ប្រមាណ​១១៥​លាន​ផោន ដើម្បី​ទិញ​យក​ខ្សែ​បម្រើ Enzo Fernandez ​ពី​ក្រុម Benfica ​មក​ហើយ។ ​

​ក្រុម Chelsea ​តាម​ទិញ Enzo ​ជា​យូរ​មក​ហើយ​ទាំង​ដែល​ក្លឹប Benfica ​បដិសេធ​ជា​រើយ​ៗ​ផង​ដែរ។ ​យ៉ាង​ណាមិញ ​ក្រុម​ដែល​កំពុង​ធ្វើ​មិន​សូវ​បាន​ល្អ ​ហើយ​ចង់​បាន​កីឡាករ​ថ្មី​មក​ច្រើន​នេះ ​មិន​បោះបង់​ចោល​នោះ​ទេ។ ពួកគេ​បន្ដ​ការ​ចរចា​ជា​និច្ច ​ហើយ​ក៏​ត្រៀម​កញ្ចប់​ប្រាក់​រហូត​ដល់​១១៥​លាន​ផោន​ផង​ដែរ​ដើម្បី​នាំ​យក​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ឱ្យ​បាន​។ ​ក្លឹប​តោ​ខៀវ ​រំពឹង​ថា​នឹង​អាច​សម្រេច​ក្ដី​បំណង​នេះ ​យក​កីឡាករ​វ័យ​២២​ឆ្នាំ​ឱ្យ​បាន ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ខែ​មករា​បិទ​យប់នេះ។

​ស្រប​ពេល​បច្ចុប្បន្ន​នេះ Enzo ​ក៏​មិន​បាន​ចូល​ហាត់​ជាមួយ​ក្លឹប Benfica ​ផង​ដែរ។ ​កីឡាករ​រូប​នេះ​ទំនង​ជា​មាន​ចិត្ត​ចង់​ចាកចេញ​ដូច​គ្នា ព្រោះ​ការ​មក​លេង​នៅ Premier League ​ក៏​ជា​ក្ដី​បំណង​របស់​កីឡាករ​នានា​ផង​ដែរ។ ​ខ្សែ​បម្រើ​រូប​នេះ ​ក្រៅ​ពី​ជួយ​អាហ្សង់ទីន​ឈ្នះ​ពាន World Cup 2022 ​ហើយ ​រូបគេ​ក៏​បាន​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ​ប្រចាំ​ព្រឹត្តិការណ៍​ទៀត​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT