ក្រុមអធិរាជស Real Madrid លេងបានត្រឹមស្មើជាមួយក្រុម Real Sociedad ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ La Liga នាយប់មិញនេះ។
សម្រាប់ការប្រកួតនេះដែរ ក្រុមរបស់លោក Carlo Ancelotti បានព្យាយាមខ្លាំងណាស់ដែរ និងស៊ុតជាច្រើនជើង ប៉ុន្តែមិនមានសំណាងក្នុងការឈ្នះលើក្រុម Sociedad នោះទេ។ បញ្ចប់៩០នាទី ក្រុមទាំងពីរបានត្រឹមស្មើគ្នាក្នុងលទ្ធផល ០-០ ប៉ុណ្ណោះ មិនមានគ្រាប់បាល់កើតមានឡើងឡើយ។ ខណៈដែលការចែកគ្នាម្នាក់១ពិន្ទុនេះ នឹងធ្វើឱ្យក្រុម Real Madrid កាន់តែឆ្ងាយជាមួយក្រុមកំពូលតារាង FC Barcelona ហើយ។
នៅពេលនេះគម្លាតពិន្ទុរវាងក្រុមយក្សទាំងពីរនៅអេស្ប៉ាញ គឺក្រុមលេខ១ Barcelona លើសក្រុមលេខ២ Real Madrid ដល់ទៅ៥ពិន្ទុឯណោះ។ ជាមួយគម្លាតនេះ ក្រុមអ្នកមានបុណ្យដែលដឹកនាំដោយលោក Xavi កាន់តែមានកម្លាំងចិត្ត និងសង្ឃឹមខ្ពស់ក្នុងការក្ដោបពាន La Liga នារដូវកាលនេះហើយ៕