អត់​តឹង​ដូច​គេ​ នេះមើល​តែ​សារ៉េ​នាទី​ស៊ុត កីឡាករ ៥ រូប រក​បាន ៥ គ្រាប់/ប្រកួត ប្រើ​ពេល​ខ្លី​បំផុត

កីឡាករ​ខ្លះ​ទម្រាំ​រក​បាន​មួយ​គ្រាប់ៗ តឹង​នោះ​តឹង ខ្លះ​អត់​សំណាង ទោះ​ប្រឹង​ស៊ុត​ ប្រឹង​តែត​ប៉ុណ្ណា ក៏​មិន​អាច​បញ្ចប់​ទី ខុស​អី​តែ​គីឡូ​ធ្ងន់​ប៉ុន្មាន​រូប​នេះ មិន​ត្រឹម​តែ​រក​បាន​មួយ​គ្រាប់​ពីរ ឬ​ហៀរ​ចូល Hat-trick ប៉ុណ្ណោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​អាច​បន្ថែម​ដល់​គ្រាប់​បាល់​ទី ៥ មុន​បញ្ចប់​ការ​ប្រកួត។

CTS Sports ធ្វើ​ការ​រំឭក​លើក​មក​បង្ហាញ នូវ​កំណត់ត្រា​ចាយ​ពេល​ខ្លី​បំផុត​របស់​កីឡាករ​ទាំង ៥ ក្នុង​ការ​បញ្ចប់​ទី ៥ គ្រាប់/ប្រកួត រាប់​តែ​គ្រាប់​បាល់​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប មិន​រាប់​ចូល​ប្រកួត​មិត្តភាព៖

៥) Kylian Mbappe

នៅ​ជំនួប​វគ្គ ៣២ ក្រុម ពាន​រង្វាន់ Coupe de France កាល​ពី​ដើម​សប្តាហ៍ យុវជន​ឆ្នើម​សញ្ជាតិ​បារាំង បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល តាម​រយៈ​ការ​រក​បាន ៥ គ្រាប់ នៅ​ជ័យជម្នះ ៧-០ ​របស់ PSG ទៅ​លើ​ក្លឹប​មិន​ដែល​ស្គាល់ Pays de Cassel។

Mbappe ចាយ​ពេល​ត្រឹម ៥០ នាទី​ប៉ុណ្ណោះ ដោយ​គ្រាប់​បាល់​ទី​មួយ​របស់​គេ កើត​ឡើង​នៅ​នាទី ២៩ ហើយ​បន្ត​ធ្វើ​បាន​នៅ​នាទី ៣៥, ៤០, ៥៦ និង ៧៩។ ឃើញ​ថា​មួយ​គ្រាប់ៗ​របស់​កីឡាករ​វ័យ ២៤ ឆ្នាំ ហាក់​​ធ្វើ​បាន​ធូរ​ខ្សុយ ដោយ​មិន​ចាំ​បាច់​ប្រឹង​ខ្លាំង​នោះ​ទេ ពោល​ប្រើ​តែ​បច្ចេកទេស រត់​ចូល​ត្រូវ​កន្លែង ឆ្កឹះ​​មួយ​ជើង​ចូលៗ។

៤) Mirslav Klose

នៅ​ការ​ប្រកួត​ទល់ Bologna ដែល​ក្លឹប Lazio យក​ឈ្នះ ៦-០ កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៣ គឺ​ជា​ពេល​ចារ​កំណត់ត្រា​ថ្មី​សន្លាង​ចេញ​ពី​ថ្វី​ជើង​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់ ដែល​អាច​រក​បាន ៥ គ្រាប់/ប្រកួត ចាយ​ពេល​ខ្លី​ត្រឹម​តែ ៣៩ នាទី​ប៉ុណ្ណោះ។

ជាប់​ជម្រើស ១១ នាក់​ដំបូង កីឡាករ​លេង​តំណែង​ប្រយុទ្ធ បើក​ឆាក​រក​បាន​គ្រាប់​បាល់​ដំបូង​នៅ​នាទី ២២ មុន​ចន្លោះ​ឲ្យ​មិត្ត​រួម​ក្រុម Hernandes រក​បាន​គ្រាប់​បាល់​ទី​ពីរ​នៅ ១០ នាទី​បន្ទាប់។ តែ​ចូល​ដល់​គ្រាប់​បាល់​បន្ត​ពី​នាទី ៣៦ ដល់ ៦១ គឺ​សុទ្ធ​តែ​ជា​ការ​ស៊ុត​របស់ Klose ទាំង​ស្រុង មុន​ត្រូវ​បាន​អ្នកចាត់ការ​ប្តូរ​ចេញ​នៅ​នាទី ៦៨។

៣) Jermain Defoe

មុន​ការ​ចូល​និវត្ត កីឡាករ​សញ្ជាតិ​អង់គ្លេស​ក៏​បាន​បន្សល់​ការ​ចងចាំ​ដ៏​ល្អ​មួយ កើត​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០៩ គ្រា​ក្លឹប​មាន់​ខ្នាយ​មាស Spurs យក​ឈ្នះ​ទៅ​លើ Wigan Athletic ៩-១ នៅ​ក្របខ័ណ្ឌ Premier League។ គ្រា​នោះ​ខ្សែ​ប្រយុទ្ធ Defoe បាន​បង្កើត​​ឲ្យ​មាន​សំឡេង​​សាទរ​ក្នុង​កីឡដ្ឋាន នៅ​នាទី ៥១, ៥៤, ៥៨, ៦៩ និង ៨៧ មាន​ន័យ​ថា ចន្លោះ​ពេល​ត្រឹម ៣៦ នាទី អាច​រក​បាន​ដល់​ទៅ ៥ គ្រាប់​ឯ​ណោះ។

២) Sergio Aguero

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​នរណា​បំបែក​កំណត់ត្រា​គ្រាប់​បាល់ ៥ គ្រាប់ ចាយ​ពេល​តិច​បំផុត​នៅ Premier League របស់​កីឡាករ​អាហ្សង់ទីន​នៅ​ឡើយ ក្រោយ​រក្សា​ទុក​នឹង​ឈ្មោះ​របស់​គេ តាំង​ខែ​តុលា ឆ្នាំ ២០១៥។

នៅ​ជ័យជម្នះ ៦-១ របស់​សំពៅ​មាស​ទៅ​លើ​សេះ​សមុទ្រ Newcastle ក៏​កើត​មាន ៥ គ្រាប់ ជា​ចំណែក​របស់ Aguero នៅ​នាទី ៤២,៤៩,៥០,៦០ និង ៦២ ពោល​គឺ​ត្រឹម​ពេល ២០ នាទី​ប៉ុណ្ណោះ។

១) Robert Lewandowski

ទោះ​ជា​យ៉ាង​ណា ៥ គ្រាប់​របស់ Aguero មិន​បាន​ក្លាយ​ជា​កំណត់ត្រា​ប្រចាំ​តំបន់​អឺរ៉ុប​ឡើយ ដ្បិត​អី​មុន​នោះ​​ពីរ​សប្តាហ៍ នៅ​ឯ​ក្របខ័ណ្ឌ Bundesliga គឺ​មាន​សមិទ្ធផល​អស្ចារ្យ​ជាង​នោះ​ទៅ​ទៀត។

ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski នៅ​ជំនួប Bayern វាយ​បក​យក​ឈ្នះ ៥-១ ទៅ​លើ Wolfsburg។ ដើម​ឡើយ​នៅ​នាទី ២៦ ខាង​ក្លឹប​ភ្ញៀវ​បើក​ឆាក​គ្រាប់​បាល់​មុន លុះ​ចូល​ដល់​តង់​ទី​ពីរ ពេលកីឡាករជំនាញជើងស្តាំប្តូរចូល រាប់​ពី​នាទី ៥១, ៥២,៥៥,៥៧ និង ៦០ មិន​ដឹង​ជា​ខាង Wolfsburg ចាញ់​ច្រាប​អី ឬ​ក៏​ត្រូវ​បារមី​ជំនាង​កីឡដ្ឋាន បែរ​ជា​បើក​ឲ្យ Lewandowski ស៊ុត​ចូល​ទី​ផុយៗ ត្រឹម ៩ នាទី អាច​រក​បាន​ដល់​ទៅ ៥ គ្រាប់។

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​នរណា អាច​បំបែក​កំណត់ត្រា​របស់ Lewandowski បាន​នៅ​ឡើយ។ បញ្ជាក់​ថា បើ​យើង​រាប់​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង ៥/ប្រកួត គឺ​មាន​កីឡាករ​ច្រើន​ទៀត ហើយ​បើ​រាប់​ក្រៅ​លីគ​កំពូល​អឺរ៉ុប​ផង តួ​យ៉ាង​ដូច​កាល Julian Alvarez ធ្វើ​បាន ៦ គ្រាប់​ឲ្យ River Plate និង Erling Haaland ធ្វើ​បាន ៩ គ្រាប់​ឲ្យ​ជម្រើស​ជាតិ​ន័រវេស​ជា​ដើម៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT