ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ច្បាស់ៗជុំវិញបញ្ហាវិញ្ញាសា”គុនខ្មែរ”។
កន្លងមកមានការជជែកគ្នាច្រើនមែនទែនទាក់ទងទៅនឹងរឿងមានកីឡាគុនខ្មែរនៅស៊ីហ្គេម ហើយមិនមានកីឡាគុន Muay នោះទេ។ កត្ដានេះបានធ្វើឱ្យអ្នកគាំទ្រប្រដាល់ថៃមិនសប្បាយចិត្តនោះទេ រហូតមានដល់ការមិនចូលរួមក្នុងការប្រកួតកីឡាគុនខ្មែរនេះទៀតផង។ យ៉ាងណាមិញ ឯកឧត្តម វ៉ាត់ ចំរើន បានលម្អិតរឿងនេះតែម្ដង។ ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់រហូតមកដល់ពេលនេះមានការប្រកាសចូលរួមប្រកួតដល់ទៅ៨ភាគីទៅហើយ ដូច្នេះអាចបញ្ជាក់ច្បាស់ថា គុនខ្មែរ នឹងមាននៅស៊ីហ្គេម២០២៣នេះ។
ដោយឡែករឿងកីឡា Muay វិញ ឯកឧត្តមក៏បានបញ្ជាក់ថាកម្ពុជាមិនបានដក កីឡា Muay ចេញហើយដាក់កីឡាគុនខ្មែរចូលស៊ីហ្គេមនោះទេ ដោយកម្ពុជាបញ្ចូលគុនខ្មែរនេះជាវិញ្ញាសាថ្មីតែម្ដង ហើយសមាជិកជាច្រើនក៏បានយល់ស្របហើយផងដែរ។ ខណៈដែលកីឡា Muay វិញ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមិនបានរៀបចំការប្រកួតលើវិញ្ញាសានេះឡើយ៕