សម្តេចពិជ័យសេនា​ ទៀ បាញ់ ​ថា​ក្ដី​សុបិន​របស់​កម្ពុជា ​៦៤​ឆ្នាំ​ជិត​ក្លាយ​ជា​ការ​ពិត​ហើយ​

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិរៀបចំការបកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ឆ្នាំ២០២៣ មានប្រសាសន៍ថា «ថ្ងៃនេះ ជា​កំណត់​ត្រាប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា ​ក្នុងការប្រកាសពេលវេលាសេស សល់​តែ​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ដែលជាសុបិន៦៤ឆ្នាំរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡា​ស៊ីហ្គេម​ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នឹង​ក្លាយ​ជា​ការ​ពិត ​សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស»។

នៅ​ក្នុងពិធីរាប់​ថយក្រោយ១០០ថ្ងៃដ៏អធិកអធមនេះ​ ក្នុងរាត្រីថ្ងៃទី២៥​ ខែមករា ​ឆ្នាំ២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​សម្ដេចពិជ័យសេនា ​ទៀ បាញ់ គូសបញ្ជាក់ថា​ ក្នុង​នាម​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣​ សម្តេច​ពិតជា​មានក្តី​សោមនស្ស​រីក​រាយ ដែលបានចូលរួមពិធីរាប់ថយក្រោយ១០០ថ្ងៃ ឆ្ពោះទៅរៀបចំការ ប្រកួតកីឡា SEA Games-ASEAN​ Para Games 2023 ​ដែល​នឹងមកដល់ឆាប់ៗ​ខាងមុខនេះ។

«ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ខ្ញុំសូមអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នៅក្នុងវេទិកានានា ជុំវិញការត្រៀមរៀបចំការប្រកួតនេះ ពិសេស ក្នុងថ្ងៃរាប់ថយក្រោយ១០០ថ្ងៃនាពេលនេះ ស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានផុលផុស ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឱ្យខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយច្រើនក្នុងការ ប្រកួតនាពេលខាងមុខ និងរួមគ្នារៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឱ្យទទួលបានជោគជ័យ»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់បន្ថែម។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ទៀតថា «កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបបានសម្រេចចិត្តយកឆ្នាំ២០២៣ធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡា SEA Games-ASEAN Para Games ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាតែងតែឈរលើជំហរយ៉ាងមុតមាំលើគោលការណ៍កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន ស្មើមុខស្មើមាត់ និងបម្រើផល ប្រយោជន៍គ្នាទៅវិញទៅមកប្រកបដោយសុឆន្ទៈរួម ដើម្បីកសាងជោគវាសនារួម គឺសុខសន្តិភាព និងការ អភិវឌ្ឍក្នុងតំបន់»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT