Ten Hag ​កំពុង​បញ្ចុះបញ្ចូល Rashford ​បន្ដ​កុងត្រា​នៅ Old Trafford ​

​លោក Erik ten Hag ​កំពុង​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ Marcus Rashford ​ឱ្យ​បន្ដ​កុងត្រា​នៅ​ក្លឹប​បិសាច​ក្រហម Manchester United ​ទៀត ​ក្រោយ​ពី​មាន​ក្លឹប​ជា​ច្រើន​បាន​កំពុង​ទាក់ទង​មក​គេ។

​កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ​រក​បាន​៩​គ្រាប់​ហើយ​ចាប់​តាំង​ពី​ត្រលប់​ពី​ការ​ប្រកួត FIFA World Cup 2022 ​មក។ ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ទាំង​នៅ​ជម្រើស​ជាតិ​អង់គ្លេស ​និង​ក្លឹប​អាជីព Man Utd ​នេះ​ហើយ ទើប​បាន​ជា​បច្ចុប្បន្ន​មាន​ក្លឹប​ច្រើន​ចង់​បាន​គេ ​ជា​ពិសេស​ក្លឹប​អ្នក​មាន​បារាំង PSG ​តែ​ម្ដង។ ​តាំង​ពី​ដើម​រដូវ​កាល​នេះ​ម្ល៉េះ ដែល​ក្រុម PSG ​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ តែ​មិន​អាច​យក​បាន ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​បិសាច​ក្រហម​មិន​ព្រម​លក់​ដាច់​ខាត។

​យ៉ាងណាមិញ ​Rashford ​ដែល​នៅ​សល់​កុងត្រា​នៅ Old Trafford ​ត្រឹម​១៨​ខែ​ទៀត​នោះ កំពុង​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ក្លឹប​ចរចា​បន្ដ​កុងត្រា​ថ្មី​ឱ្យ​ហើយ។ ​កុងត្រា​ចាស់ រូបគេ​ទទួល​បាន​តម្លៃ​ពលកម្ម​២​សែន​ផោន​ក្នុង​១​សប្ដាហ៍ ខណៈ​ដែល​កុងត្រា​ថ្មី​នឹង​មាន​ការ​កើន​ឡើង​ជាង​នេះ។ លោក Erik ten Hag ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម ​កំពុង​និយាយ​បញ្ចុះបញ្ចូល ​ហើយ​អះអាង​ថា Rashford ​នឹង​មិន​ចេញ​ពី​ផ្ទះ​របស់​គេ​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT