កម្ពុជា ​រក្សា​ជំហរ​ប្រើ​ពាក្យ​ Kun Khmer ​ទោះ​ភាគី​ថៃ​គម្រាម​មិន​ចូល​រួម​ក្ដី​

​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) ​បាន​ប្រកាស​រក្សា​ជំហរ​របស់​ខ្លួនចំពោះ​ការ​ប្រើប្រាស់​ពាក្យ Kun Khmer ​មិន​ប្រើ​ពាក្យ​ប្រដាល់ Muay ​នោះ​ទេ។

​CAMSOC ​បាន​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​សម្រេច​ប្រើ​ពាក្យ គុន​ខ្មែរ ឬ Kun Khmer ​ដោយ​មិន​មាន​ភ្ជាប់​ជាមួយ​ពាក្យ Muay ​របស់​ថៃ​នោះ​ទេ។ ​ខណៈ​ដែល​ការ​សម្រេច​ចិត្ត​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ភាគី​ថៃ​មិន​សប្បាយ​ចិត្ត​ជា​​ខ្លាំង ​ហើយ​ក៏​ប្រកាស​មិន​បញ្ជូន​អត្តពលិក​ថៃ​មក​ចូល​រួម​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា​ផង​ដែរ។ ​តែ​ការ​មិន​ពេញ​ចិត្ត​ឬ​មិន​ព្រម​ចូល​រួម​ប្រកួត​របស់​ភាគី​ថៃ ​ក៏​មិន​បាន​ធ្វើ​ឱ្យ​កម្ពុជា​ផ្លាស់​ប្ដូរ​ចិត្ត​អ្វី​ដែរ។ ​កម្ពុជា​នៅ​តែ​បន្ដ​និង​រក្សា​ជំហរ​ប្រើ​ពាក្យ​គុន​ខ្មែរ​ដដែល។

​ឯកឧត្តម វ៉ាត់ ចំរើន ​អគ្គ​លេខាធិ​ការ​ CAMSOC ​បាន​អះអាង​ថា ​បើទោះ​ជា​ភាគី​ថៃ មិន​ពេញ​ចិត្ត​ចំពោះ​រឿងនេះ​ និង​មិន​បញ្ជូន​អត្ដ​ពលិក​ម​ក​ប្រកួត​លើ​វិញ្ញា​សា​នេះ ក៏​ប្រដាល់​គុន​ខ្មែរ នៅ​តែ​ជា​វិញ្ញា​សា​ប្រកួត​ក្នុង​ស៊ី​ហ្គេមលើក​ទី​៣២ ដដែល​ ព្រោះ​តាម​ច្បាប់​កីឡា ​គឺ​ឱ្យ​តែ​មាន​៤​ប្រទេស​ឡើង​ទៅ យើង​អាច​ប្រកួត​បាន​ហើយ ​តែ​កម្ពុជា​យើង​មាន​រហូតដល់​ ៦ ​ប្រទេស​បាន​គាំទ្រ​លើ​វិញ្ញា​សា​នេះក្នុង​នោះ​មាន​ឥណ្ឌូ​នេស៊ី ​វៀត​ណាម​ ហ្វីលី​ពីន ឡាវ មី​យ៉ាន់​ម៉ា និង​ម៉ាឡេ​ស៊ី​។ ដូច្នេះ​យើង​អត់​ខ្វល់ ​ចំពោះ​អ្នក​ណា​មិន​ចូល​រួម​ប្រកួត​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT