ភ្លើង​កីឡា​ស៊ីហ្គេម ​នឹង​ត្រូវ​សុំ​ពី​ព្រះអាទិត្យ​ដោយ​ព្រះមហាក្សត្រ​ ចំ​ថ្ងៃ​ពិសេស​នៅ​អង្គរ​វត្ត​

​នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣​ ដែល​ជាពេលវេលា​ដ៏ល្អគឺពេល​ព្រះអាទិត្យរះចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត ​នឹងមានប្រារព្ធព្រះរាជពិធីសុំភ្លើង​ ព្រះ​អគ្គីកីឡា ដោយ​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ ព្រះមហាក្សត្រនៃ​កម្ពុជានឹងយាង​ជាព្រះរាជា​ធិបតីដ៏ខ្ពង់ខ្ពស់បំផុត។

អគ្គលេខាធិការ​ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឱ្យដឹងថា​ពិធី​រត់​ភ្លើង​គប់​ក្នុងព្រឹត្តិការណ៍ ​ស៊ីហ្គេម ឆ្នាំ២០២៣​ នៅកម្ពុជា​នឹងមាន​ការចាប់​អារម្មណ៍​ខ្លាំងពី​ប្រជា​ពលរដ្ឋ​ព្រោះ​មាន​ការ​រៀប​ចំពិសេសៗ​ជាច្រើន ​ក្នុងនោះក៏មានពិធីសុំភ្លើងពីព្រះនៅប្រាសាទអង្គរវត្តផងដែរ។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ព្រះករុណា ​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា ​នឹង​យាង​ជា​ព្រះ​រាជា​ធិបតីដ៏ខ្ពង់ខ្ពស់ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះ​អគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នា​​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាង​​មុខ​​នេះ ដើម្បីរៀបចំ​​ធ្វើ​ជា​ភ្លើង​គប់​រត់នៅខេត្តសៀមរាប និងបណ្តា​ប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

​លោក​ វ៉ាត់ ចំរើន អគ្គ​លេខា​​ធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានលើកឡើង​បន្ថែម​ថា​៖ “​ការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡានេះ នឹងត្រូវនៅថ្ងៃទី២១ ខែមីនា គឺចំ​ពេល​​​​ដែល​​ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តរបស់យើង អ៊ីចឹងយើង​បានកំ​ណត់​​ច្បាស់លាស់ ក្នុង​ការ​រៀប​​ចំ ដោយលិខិត និងឯកសារនានា ដែលសម្របសម្រួល គឺសម្តេច​តេជោនាយករដ្ឋមន្រ្តី បាន​ឯកភាព ក្នុងការ​ស្នើ​សុំ​​ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់​ព្រះករុណាជីវិត​តម្កល់លើត្បូង ព្រះ​មហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ប្រទាន​​នូវភ្លើងព្រះអគ្គីកីឡានេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT