អតីត​គ្រូ​បង្វឹក​កម្ពុជា ​ចង់​ឃើញ​បុរស​ម្នាក់​នេះ​ចូល​កាន់​តំណែង​គ្រូ​ធំ​ជំនួស Honda

​លោក Leonardo Vitorino ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ចង់​ឃើញ​លោក ភា សុភ័ក្រ្ដា ​ឡើង​ធ្វើ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ជំនួស​តំណែង​របស់​លោក Keisuke Honda។

ក្រោយ​ពី​ចប់​ការ​ប្រកួត​ជាមួយ​ក្រុម​ថៃ ​លោក Honda ​នឹង​ចុះ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ឈុត​ធំ​របស់​កម្ពុជា​ហើយ ​ក្រោយ​ពី​លោក​ចូល​កាន់​តាំង​ពី​ឆ្នាំ​២០១៨​មក។ ​ក្រោយ​ពី​ដំណឹង​នៃ​ការ​ចាកចេញ​នេះ​ទៅ ​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​អ្នក​មក​ជំនួស​នៅ​ឡើយ​ទេ ដោយ​ចេះ​តែ​មាន​ពាក្យ​ចរចាមអារាម​យក​គ្រូ​នេះ ​យក​គ្រូ​នោះ​មក​ដឹក​នាំ​ក្រុម​បន្ដ​ប៉ុណ្ណោះ។

​ដោយ​ឡែក​ក្នុង​នោះ​ក៏​មាន​លោកLeonardo Vitorino ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផង​ដែរ។ ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​និយាយ​ថា​៖ “ការ​បោះឆ្នោត​របស់​ខ្ញុំ​ទៅ​កាន់​គ្រូបង្វឹក​ក្រុមជម្រើសជាតិ​! គាត់​ជា​គ្រូបង្វឹក​ក្នុងស្រុក ​ដែលរៀនបានច្រើន​ មិន​ពាក់​ព័ន្ធ​រឿង​អាក្រក់ៗ,​ គាត់ស្មោះត្រង់​ , លទ្ធផល​ល្អពេល​គាត់​នៅក្លឹប ​ហើយ​តាមការយល់ឃើញរបស់ខ្ញុំ គាត់​គឺ​ជាគ្រូបង្វឹកកម្ពុជាដ៏ល្អបំផុត”។ ​ការ​សរសេរ​នេះ គឺ​អម​ជាមួយ​រូប​របស់​លោក​ ភា សុភ័ក្រ្តា ​ផង​ដែរ។ នេះ​មាន​ន័យ​ថា Leonardo ​ចង់​ឃើញ​លោក ភា សុភ័ក្រ្តា ​ចូល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បន្ដ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT