ឯកឧត្តម ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ថា កីឡាករ ធឿន ធារ៉ា ត្រូវបានសហព័ន្ធកោះហៅឲ្យចូលជម្រើសជាតិ និងសន្យាស្នើសុំផ្ដល់ក្របខ័ណ្ឌរដ្ឋជូនតាំងពីឆ្នាំ២០១៧ តែត្រូវបានសាមីខ្លួន និងក្លិបបដិសេធ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានចម្ងល់ជាច្រើនពីមហាជនរហូតមានការទទូចឲ្យមានការផ្ដល់ក្របខ័ណ្ឌដល់កីឡាករ ធឿន ធារ៉ា ក្រោយពីគេឈ្នះខ្សែក្រវ៉ាត់ Thai Fight ។ ចំពោះរឿងនេះ ឯកឧត្តម ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ថារឿងផ្ដល់ក្របខ័ណ្ឌ និងការបញ្ចូលជម្រើសជាតិនេះ ថ្នាក់ដឹកនាំសហព័ន្ធ ក្រោមការដឹកនាំរបស់ឯកឧត្តម តែម ម៉ឺន បានគិតគូរតាំងពីឆ្នាំ២០១៧ មកម្ល៉េះ កំឡុងពេល ធឿន ធារ៉ា ចូលរួមប្រកួតជើងឯកថ្នាក់ជាតិនៅតំបន់អភិវឌ្ឍន៍ 7NG តែ ធារ៉ា មិនបានសម្រេចចិត្តឡើយ ដោយទុកឱកាសនេះឲ្យក្លិបរបស់ខ្លួនគឺក្លិបប្រដាល់គុនខ្មែរ អេ ភូថង ជាអ្នកសម្រេច តែត្រូវបានប្រធានក្លិបគឺលោក អេ ភូថង បដិសេធម្ដងហើយម្ដងទៀត ទោះបីសហព័ន្ធបានព្យាយាមស្នើសុំជាច្រើនដងក៏ដោយ។
ឈានដល់ដើមឆ្នាំ ២០២២ សហព័ន្ធបានជួបចរចាជាថ្មីទៀតដើម្បីយក ធឿន ធារ៉ា ចូលជម្រើសជាតិ និងស្នើសុំផ្ដល់ក្របខ័ណ្ឌជាថ្មី ប៉ុន្តែនៅតែបរាជ័យ។ ដែលការទទួចចង់ហៅ ធឿន ធារ៉ា មកនេះដោយសារតែស្ដាយសមត្ថភាព ទេពកោសល និងកាយសម្បទា ពិសេសប្រកួតតំណាងកម្ពុជានៅស៊ីហ្គេម លើកទី៣២ អំឡុងខែឧសភា ខាងមុខ។
សូមបញ្ជាក់ថា ធឿន ធារ៉ា បានសាងកំណត់ត្រាថ្មីក្រោយផ្ដួលជើងខ្លាំងថៃ សៃយុគ ដើម្បីគ្រងខ្សែក្រវាត់ និងពានរង្វាន់ព្រះមហាក្សត្រថៃក្នុងព្រឹត្តិការណ៍ Thai Fight កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ ជោគជ័យនេះត្រូវបានសាទររហូតមានថ្នាក់ដឹកនាំ វិស័យឯកជន និងសប្បុរសជនជាច្រើនធ្វើការឧបត្ថម្ភរូបគេ។