លោក Akihiro Kato ​ជឿ​ថា​ជម្រើស​ជាតិ​កម្ពុជា​នឹង​កាន់​តែ​ខ្លាំង ​បើ​មាន​ក្លឹប​តាម​បណ្ដា​ខេត្ត​ច្រើន​

​លោក Akihiro Kato ​ប្រធាន​ក្លឹប Angkor Tiger ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​កាន់​តែ​ខ្លាំង​ឡើង​ជា​លំដាប់ ប្រសិន​បើ​មាន​ក្លឹប​នៅ​តាម​បណ្ដា​ខេត្ត ​ឬ​តាម​ទី​ជន​បទ​កាន់​តែ​ច្រើន​ឡើង។

​លោក Kato ​បាន​បង្កើត​ក្លឹប​បាល់ទាត់ Angkor Tiger ​ដែល​បច្ចុប្បន្ន​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​ខេត្ត​សៀមរាប។ ​ក្លឹប​មួយ​នេះ ​ទទួល​បាន​ប្រជាប្រិយភាព​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​ខេត្ត ​ក្រោយ​ពី​លោក​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ជា​ច្រើន​ដើម្បី​កសាង​វា​ឡើង។ ​ម្ចាស់​ក្លឹប​ជនជាតិ​ជប៉ុន​រូប​នេះ ​មិន​ខុស​ពី Honda ​ប៉ុន្មាន​នោះ​ទេ លោក​ស្រលាញ់​កម្ពុជា ​ស្រលាញ់​វិស័យ​បាល់ទាត់​នៅ​ទី​នេះ​ទើប​បាន​ជា​សម្រេច​ចិត្ត​បង្កើត​ក្លឹប​ទាំង​ដែល​មិន​មាន Sponsor ​ច្រើន​អាច​ទ្រទ្រង់​បាន​ផង។

​នៅ​ពេល​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​នៃ​បាល់ទាត់​ក្នុង​ជម្រើស​ជាតិ ​លោក Kato ​ក៏​សប្បាយ​ចិត្ត ​ហើយ​រំពឹង​ថា​នឹង​មាន​ក្លឹប​ច្រើន​ទៀត​រីក​សុះសាយ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ទៀត។ ​លោក ​និយាយ​ថា​៖ “​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ​ខ្ញុំ​គិត​ថា​មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​ខ្លាំង​គឺ​ការ​ពង្រឹង​ក្រុម​អាយុ​ហ្វឹកហាត់ ​និង​ការ​មាន​លីគ​កម្ពុជា។ ​ប្រសិន​បើ​មាន​ក្លឹប​បាល៉ទាត់​នៅ​តំបន់​ជន​បទ​កាន់​តែ​ច្រើន ​យើងគ្រប់​គ្នា​គាំទ្រ​ពួកគេ ​នោះ​ពួកគេ​នឹង​កាន់​តែ​រឹងមាំ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT