ពាក្យ​ដ៏​មាន​ន័យ Honda ​ចង់​ឃើញ​កម្ពុជា​មាន​ឱកាស​លេង​នៅ World Cup ​

​លោក Keisuke Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​និយាយ​ផ្ដាំ​ទៅ​កីឡាករ​គ្រប់​គ្នា​ថា​លោក​ចង់​ឃើញ​ក្រុម​គោព្រៃ​កម្ពុជា​នេះ ​មាន​ឱកាស​បាន​ទៅ​លេង​នៅ FIFA World Cup ​នៅ​ឆ្នាំ​ណា​មួយ ​មុន​ពេល​លោក​លា​ចាក​លោក​នេះ​ទៅ។

​Honda ​បាន​ចប់​ភារកិច្ច​ក្នុង​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​របស់​កម្ពុជា​ហើយ​ក្នុង​ប្រកួត​ចុង​ក្រោយ​ជាមួយ​ជម្រើស​ជាតិ​ថៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​យ៉ាងណាមិញ ​លោក​នៅ​មាន​ភារកិច្ច​ចុង​ក្រោយ​មួយ​ទៀត​ជាមួយ​ក្រុម​យុវជន U23 ​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​នេះ។ ​ដោយ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ហើយ ​មុន​ដល់​ការ​ប្រកួត​នៅ​ឧសភា​ឆ្នាំ​២០២៣​ដែល​ជា​ខែ​ចាប់​ផ្ដើម​ការ​ប្រកួត​ស៊ីហ្គេម។

​ដើម្បី​ជា​ការ​លា​កីឡាករ​ក្នុង​ឈុត​ធំ Honda ​បាន​និយាយ​ពាក្យ​ក្នុង​ចិត្ត​ជា​ច្រើន​ចំពោះ​ការ​បាន​មក​ធ្វើ​ការ​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​២០១៨​មក​នេះ។ ​តែ​មួយ​ឃ្លា​ដែល​ស្ដាប់​ហើយ​មាន​ន័យ​ជាង​គេ​នោះ​គឺ ​លោក​ចង់​ឃើញ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មាន​ឱកាស​បាន​លេង World Cup ​ឱ្យ​បាន​មុន​ពេល​លោក​លា​ចាក​លោក​នេះ​ទៅ។ ​ការ​បាន​មក​ដឹក​នាំ​ជម្រើស​ជាតិ​កម្ពុជា ក៏​ជា​មោទកភាព​សម្រាប់​លោក​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT