ការ​ប្រកួត​ទោចក្រយាន​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២២​នេះ​កើន​ឡើង ​ជាង​ឆ្នាំ​មុន​

​ការ​ប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ​ឆ្នាំ២០២២ ​នៅ​ខេត្ត​សៀមរាប​ បាន​ចាប់​ផ្តើម​ហើយ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ចុងក្រោយ​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ត្រៀម​ស៊ីហ្គេម​ ​លើក​ទី​៣២​ ឆ្នាំ២០២៣។

​លោក​ នូ ចំរើន ​អគ្គលេខាធិការ​ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ ថ្ងៃ​ទី​២៧​ខែ​ធ្នូ​ នេះ​ថា ​ការ​ប្រកួត​វិញ្ញាសា​កង់​គួក​ចាប់ផ្តើម​មុន​គេ​ដោយ​កីឡាករ​ កីឡាការិនី​ជាង​៨០នាក់​ ក្នុង​ចំ​ណោម​អត្តពលិក​ចុះ​ឈ្មោះ​សរុប​២៨៥នាក់។​ ការ​ប្រកួត​ត្រូវ​បាន​បញ្ជា​ចេញ​ដំណើរ​ដោយ​ឯកឧត្តម​ ប៉ាន សូរស័ក្តិ​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន។ ការ​ប្រកួត​ថ្នាក់​ជាតិ​នេះ ​គឺ​ជា​ការ​វាស់ស្ទង់​គុណភាព ​និង​បច្ចេកទេស​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​ (កី​ឡាករ​៨នាក់ ​កីឡាការិនី​៤នាក់) ​មុន​ពេល​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២​ ឆ្នាំ២០២៣​ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​មក​ដល់​។ ដើម្បី​ពិនិត្យ​ពី​សមិទ្ធផល សមត្ថភាព ​និង​ថេរៈ​វេលា​ចុងក្រោយ​ថា​ តើ​មាន​ការ​កើន​ឡើង​កម្រិត​ណា​ ធ្លាក់ចុះកម្រិតណា​ ដើម្បីកែលម្អ ​ចំនុច​ខ្វះខាត​ និង​ប្រឹងប្រែង​បន្ថែម​ទៀត​ ត្រៀម​ស៊ីហ្គេម​ ឆ្នាំ២០២៣។

លោក នូ ចំរើន បញ្ជាក់ទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២នេះ មាន​អ្នកចូល​រួមកើន​ឡើង​១០​ភាគរយ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១។ ចំពោះ​ការរៀប​ចំរបស់​មន្រ្តី​បច្ចេក​ទេស​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ ត្រូវបានទទួលស្គាល់ពីកីឡាករ កីឡាការិនី​ថាមានស្តង់ដា​បច្ចេកទេស​ដែល​ធ្វើឲ្យ​ពួក​គាត់​មាន​ទំនុចចិត្ត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT