អស់ទាស់ !!! សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី រៀបចំផែនទីបង្ហាញផ្លូវ នៃការអភិវឌ្ឍន៍បាល់ទាត់របស់ខ្លួន សម្រាប់រយៈពេល ១២ឆ្នាំទៅមុខ

ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានរៀបចំនូវពិធីដ៏មានសារៈសំខាន់មួយ ពោលគឺជាការរៀបចំផែនទីបង្ហាញផ្លូវ ( Roadmap ) ក្រោមស្លាកសញ្ញា F:30 ដើម្បីដាក់ចេញនូវការអភិវឌ្ឍន៍បាល់ទាត់របស់ខ្លួន សម្រាប់រយៈពេល ១២ឆ្នាំ ទៅមុខ ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០៣០ ។

ក្នុងពិធីនោះផងដែរក៏មានការចូលរួមពីប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក និងប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ផងដែរ ដោយពួកគេពិតជាសាទរចំពោះគម្រោងការយក្សមួយនេះក្នុងការអភិវឌ្ឍន៍បាល់ទាត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ របស់ម៉ាឡេស៊ី។

ផែនការណ៍គោលរបស់ពួកគេ គឺសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ចង់ឱ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ក្លាយជាបេក្ខភាពក្នុងចំណោមក្រុមខ្លាំងទាំង ៥ នៅទូទាំងតំបន់អាស៊ី ត្រឹមឆ្នាំ ២០៣០ ។

ផែនទីបង្ហាញផ្លូវនោះផងដែរ ក៏បានបែងចែកចេញជាយុទ្ធសាស្រ្តធំៗបី ដែល គម្រោងទីមួយ ពីឆ្នាំ ២០១៩ ដល់ ២០២២​ គឺដើម្បីធ្វើឱ្យរឹងមាំ ទាំងការគ្រប់គ្រង, ការប្រកួត ការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់មកគឺដំណាក់កាលទី 2 ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦ ដែលឈានទៅដល់ការប្រកួតប្រជែងកម្រិតអាស៊ី។

ផែនការណ៍ចុងក្រោយគេនោះ គឺ ពីឆ្នាំ ២០២៧ ដល់ ២០៣០ គឺជាគោលដៅដើម្បីឱ្យក្លាយជាក្រុមខ្លាំងបំផុត ពោលគឺមានលទ្ធភាពអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងលើពិភពលោក៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT