កីឡា​ទោចក្រ​យាន ​រៀប​ចំ​ជើង​ឯក​ថ្នាក់​ជាតិ​ចុង​ក្រោយ ​មុន​ស៊ីហ្គេម​២០២៣​

​ការរៀបចំ​ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ទាំងវិញ្ញា​សាកង់​គួក​ និងកង់ភ្នំ ​គឺជាការវាស់ស្ទង់គុណភាពបច្ចេកទេសកម្រិតខ្ពស់បំផុតកម្រិតជាតិ និង​ចុង​ក្រោយ​គេ ​បង្អស់ ​មុនពេលឈាន​ដល់​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ ស៊ីហ្គេម ​លើកទី៣២​ ឆ្នាំ២០២៣។ នេះ ​ការ​បញ្ជាក់​របស់​លោក នូ ចំរើន ​អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាចក្រយាន ក្រោយ​បញ្ចប់​សន្និសីទ​សារ​ព័ត៌មាន ​កាល​ពី​ល្ងាច​ថ្ងៃទី​១៩ ខែធ្នូ ​ឆ្នាំ​២០២២ ​នៅទីស្នាក់​ការ​គណៈ​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ​(NOCC)។

លោក​ នូ ចំរើន លើក​ឡើង​បន្ថែម​ថា​ មន្ត្រី​បច្ចេកទេស​កំពុង​ខិតខំ​រៀបចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ សម្រាប់​ការ​ប្រកួត​កម្រិត​ខ្ពស់បំផុតថ្នាក់ជាតិ ឆ្នាំ២០២២នេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ​ដើម្បី​គោល​ដៅ​ចម្បង​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើម្ចាស់ផ្ទះ​ ស៊ីហ្គេម ​លើកទី៣២ ឆ្នាំ២០២៣។

«កា​ររៀបចំ​ពីមួយឆ្នាំទៅ​មួយឆ្នាំ​ ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ​គឺជាការ​ពង្រឹង​ការ​អភិវឌ្ឍបន្តិចម្តងៗ ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​ ស៊ីហ្គេម​ ២០២៣។ ជាមួយ​នឹងការជួយឧត្ថម្ភថវិកា ​៤២,៧៥០ដុល្លារ ពីក្រុមហ៊ុន Herbalife ​សម្រាប់​ចំណាយ​លើ​ការ​រៀបចំការប្រកួត​ ឆ្នាំ២០២២នេះ គឺ​ដើម្បី​ឲ្យស្រប​ទៅ​តាម​លក្ខណៈ​ស្តង់ដារ​ការ​ប្រកួត ​ខណៈ​ប្រាក់​រង្វាន់​ជ័យលាភី​ នឹង​ត្រូវបង្កើន​ច្រើន​ជាង​ការ​ប្រកួត​ឆ្នាំ​មុន​ៗ​ ដូច​គ្នា​ផង​ដែរ​»។ លោកបានបន្ថែម។

ក្រៅពី​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិនេះ​ សហព័ន្ធ​ក៏​មាន​ផែនការ​រៀប​ចំការ​ប្រកួត​ត្រៀម​មុន (Pre-Sea games) ​មួយ​ព្រឹត្តិការណ៍​ទៀត ​មុនដល់ស៊ីហ្គេម ​២០២៣ ដោយត្រៀមធ្វើក្នុងខែកុម្ភៈ ឆ្នាំ២០២៣​ និង​កា​រចូលរួម​ប្រកួត​សាកល្បង​ពីបណ្តាប្រទេសមួយចំនួន ​ក្នុងអាស៊ាន​ ដើម្បីស្គាល់ពីស្ថានភាពផ្លូវ មុន​ពេល​ស៊ីហ្គេម ​មកដល់។ ​ក្នុងឱកាសប្រកួតត្រៀមនេះ អ្នកជំនាញមកពីប្រទេសកូរ៉េ នឹង​ជួយ​បណ្តុះ​បណ្តាល​ក្នុងពេលបោះជំរំហ្វឹកហាត់របស់កីឡាករ និងគ្រូបង្វឹក ដល់​ក្រុម​កង់​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ដូចជា ​ទីម័រខាងកើត ​ឡាវ ​មីយ៉ាន់ម៉ា ​និង​ម្ចាស់​ផ្ទះ​កម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT