អ្នក​ចាំទី​អាហ្សង់ទីន៖ Mbapp ​មិន​ស្គាល់​បាល់ទាត់​ច្បាស់​គ្រប់គ្រាន់​ទេ​

​អ្នក​ចាំទី Emi Martinez ​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​ហៅ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ថា​មិន​ទាន់​ស្គាល់​បាល់ទាត់​ច្បាស់​នោះ​ទេ ​បន្ទាប់​ពី​កីឡាករ​បារាំង​រូប​នេះ​បោះ​សម្ដី​មើល​ស្រាល​ក្រុម​នៅ​អាមេរិក​ឡាទីន។

​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ Mbappe ​បាន​និយាយ​ថា​ក្រុម​នៅ​អឺរ៉ុប​បាន​រៀប​ចំ​និង​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត World Cup ​បាន​ល្អ​ជាង​ក្រុម​នៅ​ឡាទីន ​ព្រោះ​ពួកគេ​មាន​ការ​ប្រកួត​កម្រិត​ខ្ពស់​បាន​ច្រើន​ជាង។ ខណៈ​ដែល​ក្រុម​នៅ​ឡាទីន​ដូចជា​អាហ្សង់ទីន ​និង​ប្រេស៊ីល ​មិន​សូវ​បាន​ជួប​ក្រុម​ខ្លាំង​ច្រើន​នោះ​ទេ ​មុន​ការ​ប្រកួត World Cup ​ឈាន​ចូល​មក​ដល់។

ចំពោះ​សម្ដី​ខាង​លើ​ត្រូវ​បាន​អ្នក​កាសែត​លើក​មក​ម្ដង​ទៀត ​មុន​ការ​ប្រកួត​រវាង​ក្រុម​បារាំង ​និង​អាហ្សង់ទីន​ក្នុង​​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ​នៅ​ឆ្នាំ​២០២២​នេះ។ ​ក្នុង​នោះ Martinez ​អ្នក​ចាំទី​របស់​អាហ្សង់ទីន ​បាន​ឆ្លើយ​តប​ថា​៖ “គាត់​មិន​ទាន់​ស្គាល់​បាល់ទាត់​ច្បាស់​នោះ​ទេ។ ​គាត់​មិន​ដែល​លេង​នៅ​អាមេរិក​ខាង​ត្បូង​ឡើយ។ នៅ​ពេល​អ្នក​មិន​ធ្លាប់​មាន​បទ​ពិសោធ​លេង​ទី​នោះ ​វា​ល្អ​ប្រសើរ ប្រសិន​បើ​អ្នក​មិន​និយាយ​ពី​វា។ ប៉ុន្តែ​មិន​ជា​បញ្ហា​នោះ​ទេ ​យើង​ជា​ក្រុម​ល្អ​ដូច​ដែល​គ្រប់​គ្នា​បាន​ឃើញ​ហើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT