Modric ​ថា​នឹង​បន្ដ​លេង​ឱ្យ​ក្រូអាត​ដល់ Nations League ​នៅ​ឆ្នាំ​ក្រោយ​

​ខ្សែ​បម្រើ Luka Modric ​បាន​អះអាង​ថា​រូបគេ​នឹង​បន្ដ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដល់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​នៅ​ឆ្នាំ​ក្រោយ។

​Modric ​ប្រធាន​ក្រុម​របស់​ក្រូអាត ​បាន​ជួយ​សមាជិក​ក្រុម​ជោគជ័យ​មែនទែន​នៅ​ព្រឹត្ដិការណ៍ World Cup ​២​សម័យ​កាល​ចុង​ក្រោយ​មក​នេះ។ ​ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ ពួកគេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​ដោយ​ចាញ់​បារាំង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ស្រប​ពេល​នៅ World Cup 2022 ​នេះ​ទៀត ​Modric ​ក៏​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​ជួយ​ក្រូអាត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ទៀត ​បើ​ទោះ​ជា​មតិ​ជា​ច្រើន​បាន​មើល​រំលង​ក្រុម​នេះ​កាល​ពី​មុន​ចាប់​ផ្ដើម​ការ​ប្រកួត​ក៏​ដោយ។

​ចំពោះ​រឿង​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​វិញ ​កីឡាករ​លេង​នៅ​ក្លឹប​អាជីព Real Madrid ​បាន​អះអាង​ថា​បែប​នេះ​ថា​៖ “វា​ប្រហែល​ជា World Cup ​ចុង​ក្រោយ​របស់​ខ្ញុំ​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ច្រើន​ទេ។ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​អាជីព​លេង​ឱ្យ​ក្រូអាត ​ឈ្នះ​មេដាយ​បាន​២​ដង​ពិត​ជា​សំខាន់​ណាស់។ ​ក្ដី​សុបិន​របស់​ខ្ញុំ​គឺ​ឈ្នះ​ពាន​នេះ ប៉ុន្តែ​មិន​អាច​កើត​ឡើង ប៉ុន្តែ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ​មក​ដល់​ពេល​នេះ។ ​ខ្ញុំ​ចង់​បន្ដ​រហូត​ដល់ Nations League ​ហើយ​យើង​នឹង​​ឃើញ​អ្វី​កើត​ឡើង​ក្រោយ​ពី​នោះ”៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT