Didier Deschamps៖ មាន​​ជន​ជាតិ​បារាំង​ខ្លះ​មិន​ចង់​ឱ្យ​យើង​ឈ្នះ​ទេ គេ​ចង់​ឃើញ​Messi លើក​ពាន​

លោក Didier Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង ​បាន​អះអាង​ថា​នៅ​ពេល​នេះ​មាន​ពលរដ្ឋ​បារាំង​មួយ​ចំនួន​ហាក់​មិន​ចង់​ឃើញ​ជម្រើស​ជាតិ​ឈ្នះ​នោះ​ទេ ព្រោះ​ពួកគេ​ជា​អ្នក​គាំទ្រ Messi ​ចង់​ឃើញ Messi ​ឈ្នះ​ពាន World Cup ​។

​ក្រុម​ជម្រើស​ជាតិ​បារាំង ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​ម៉ោង​១០​យប់​នេះ​ហើយ ​ដើម្បី​កាត់​សេចក្ដី​ក្រុម​ណា​ជា​ក្រុម​ឈ្នះ​ពាន​រង្វាន់ World Cup 2022 ​។ ​យ៉ាង​ណាមិញ ​បារាំង​នេះ​ទៀត​សោត​ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​នោះ ​កំពុង​មាន​បញ្ហា​របួស​ច្រើន​ជាមួយ​កីឡាករ​សំខាន់​ៗ​ដែល​ទំនង​ជា​អាច​អវត្តមាន​នៅ​រាត្រី​នេះ។ ពួកគេ​ឆ្លង​ជំងឺ​ផ្ដាសាយ​មិន​បាន​ហាត់​ទេ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ​

​បន្ថែម​ពី​លើ​បញ្ហា​កីឡាករ​របួស​នេះ​ហើយ ​លោក Didier Deschamps ​បាន​និយាយ​ចំណុច​មួយ​ទៀត​ថា​៖ “ខ្ញុំ​ដឹង​ថា​មាន​មនុស្ស​ជា​ច្រើន​កំពុង​ចង់​ឃើញ Messi ​ឈ្នះ​ពាន World Cup ​ហើយ​ក្នុង​នោះ​ក៏​មាន​នៅ​បារាំង​ផង​ដែរ។ ​ប៉ុន្តែ​សម្រាប់​យើង ​យើង​នឹង​ព្យាយាម​ដើម្បី​សម្រេច​គោលដៅ​របស់​យើង​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ​ម្ដង​ទៀត”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT