គ្រូ​ជម្រើស​ជាតិ​ម៉ារុក ៖​លេង​យក​លេខ​៣​គឺ​ជា​ការ​ប្រកួត​អាក្រក់​មួយ​

​លោក Walid Regragui ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ម៉ារុក​បាន​ចាត់​ទុក​ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣​នៅ​ព្រឹត្តិការណ៍ FIFA World Cup ​នេះ​ជា​ការ​ប្រកួត​ដ៏​អាក្រក់​មួយ​។

​ម៉ារុក ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ក្រូអាត​ដើម្បី​បណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​៣​នៃ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​នៅ​វេលា​ម៉ោង​១០​យប់​។ ​ជំនួប​នេះ​ដែរ គឺ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​២​ហើយ​សម្រាប់​ក្រុម​ទាំង​ពីរ ​ក្រោយ​ពី​ពួកគេ​ស្ថិត​ក្នុង​ពូល​ជាមួយ​គ្នា​កន្លង​ទៅ ​និង​បញ្ចប់​ការ​ប្រកួត​នោះ​លទ្ធផល​ស្មើ​គ្នា ០-០ ។ យ៉ាង​ណាមិញ ​ជំនួប​យក​លេខ​៣​នេះ​ដែរ ​ត្រូវ​បាន​លោក Walid Regragui ​ចាត់​ទុក​ថា​មិន​មែន​ជា​ការ​ប្រកួត​ល្អ​នោះ​ទេ។

​លោក Walid Regragui ​បាន​និយាយ​ថា​៖ “លេខ​៣​គឺ​ជា​ការ​ប្រកួត​អាក្រក់​មួយ។ ​យើង​អស់​សង្ឃឹម​ដែល​យើង​មិន​អាច​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​មែនទែន​បាន​។ សូម្បី​តែ​លេង​យក​លេខ​៣​ក៏​ពិបាក​ដែរ ព្រោះ​យើង​ទើប​តែ​បរាជ័យ​និង​វា​នៅ​ចង់ចាំ​ក្នុង​ខួរ​ក្បាល​កីឡាករ​នៅ​ឡើយ។ ​ខណៈ​ដែល​កាយ​សម្បទា​វិញ​ក៏​មិន​ល្អ​ថែម​ទៀត ព្រោះ​យើង​លេង​២​ថ្ងៃ​មុន។ ការ​លេង​យក​លេខ​៣​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​រំខាន​ណាស់។ ​យើង​ចាញ់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ហើយ​មក​ត្រូវ​លេង​យក​លេខ​៣​ទៀត។ ​នៅ​ទី​បញ្ចប់ អ្នក​នឹង​ចង់ចាំ​ត្រឹម​អ្នក​មិន​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ។ ហើយ​ប្រសិន​បើ​អ្នក​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ហើយ​អ្នក​ចាញ់…ខ្ញុំ​នៅ​តែ​និយាយ​ដដែល ​បាន​លេខ​២ ​គឺ​គ្រប់​គ្នា​ចង់ចាំ​តែ​អ្នក​ឈ្នះ​ពាន​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT