បារាំង​ពិបាក​ហើយ! ​ខ្សែ​ការពារ​កណ្ដាល​២​នាក់​ឆ្លង​ជំងឺ​ទៀត​ហើយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​កំពុង​មាន​បញ្ហា​កីឡាករ​ឆ្លង​ជំងឺ​ច្រើន​មែនទែន ជាក់​ស្ដែង​នៅ​ពេល​នេះ​ខ្សែ​ការពារ Raphael Varane ​និង​ Ibrahima Konate ​ឈឺ​ដែរ​ហើយ។

​ខ្សែ​ការពារ​ទាំង​ពីរ​នាក់​ខាង​លើ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​មែនទែន​សម្រាប់​ក្រុម​បារាំង​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ។ ​តែ​យ៉ាង​ណា​នៅ​ពេល​នេះ​ពួកគេ​ទំនង​ជា​ពិបាក​ក្នុង​ការ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ក្រុម​អាហ្សង់ទីន​ហើយ ក្រោយ​ពី​មាន​បញ្ហា​ឆ្លង​ជំងឺ។ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​Raphael Varane ​និង​ Ibrahima Konate ​សុទ្ធ​តែ​ផ្ដាយសាយ​ទាំង​ពីរ ហើយ​បច្ចុប្បន្ន​កំពុង​ដាក់​នៅ​ដោយ​ឡែក​ពី​គេ​ហើយ។

ដោយ​នេះ​ជា​សញ្ញា​មិន​ល្អ​ឡើយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង ព្រោះ​កន្លង​មក​កីឡាករ​២​នាក់​ក៏​បាន​ឆ្លង​មេរោគ​ផ្ដាសាយ​ផង​ដែរ​គឺ Dayot Upamecano ​និង​ Adrien Rabiot ​ដែល​មិន​ទាន់​ជា​សះស្បើយ​ស្រួល​បួល​ផង។ ​នៅ​ពេល​នេះ​ក៏​ស្រាប់​តែ​មាន​ខ្សែ​ការពារ​២​នាក់​ទៀត ​បាន​ឆ្លង​មេរោគ​ទៀត​ទៅ​ហើយ។ ​ប្រសិន​បើ​កីឡាករ​ទាំង​៤​នាក់​នេះ ​មិន​ប្រសើរ​ទេ ​នោះ​បារាំង​នឹង​ត្រូវ​លេង​ទល់​អាហ្សង់ទីន​ដោយ​គ្មាន​វត្ដមាន​ជម្រើស​ដំបូង​ដល់​ទៅ​៤​នាក់​ឯ​ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT