ក្រូអាត ​និង​ម៉ារុក ​នឹង​ត្រូវ​ប៉ះ​គ្នា​យប់​នេះ​ហើយ ស្វែង​រក​ក្រុម​លេខ​៣​នៅ World Cup ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ារុក​នៅ​ម៉ោង​១០​យប់​នេះ​ហើយ ​ក្នុង​ការ​ដណ្ដើម​យក​លេខ​៣ ពាន​រង្វាន់ FIFA World Cup 2022 ​។

​ក្រូអាត​ដែល​ជា​ជើង​ឯក​រង​កាល​ពី World Cup 2018 ​នៅ​តែ​ធ្វើ​បាន​ល្អ​ទៀត​នៅ World Cup 2022 ​នេះ ​ដោយ​អាច​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន។ ​ក្រុម​ដឹក​នាំ​ដោយ​លោក Dalic ​មួយ​នេះ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អាហ្សង់ទីន ៣-០ ​កាល​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កន្លង​ទៅ។ ដូច្នេះ​ហើយ ទើប​បាន​ជា​ពួកគេ​ធ្លាក់​មក​លេង​ដណ្ដើម​យក​លេខ​៣​នៅ​រាត្រី​នេះ​វិញ​ជាមួយ​ក្រុម​ម៉ារុក។

​ងាក​ទៅ​មើល​ក្រុម​ម៉ារុក​វិញ​ក៏​មិន​ធម្មតា​ផង​ដែរ។ ​ប្រទេស​នៅ​អាហ្វ្រិក​មួយ​នេះ ​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត World Cup ​ឆ្នាំ​នេះ ​ដោយ​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​អាហ្វ្រិក​ដែល​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​។ ​តែ​គួរ​ឱ្យ​សោកស្ដាយ​កាល​ពី​ប៉ះ​ក្រុម​បារាំង​កន្លង​ទៅ ​ពួកគេ​បាន​បរាជ័យ​ក្នុង​លទ្ធផល ​២-០ ​ទៅ​ហើយ។ ​យ៉ាងណាមិញ ​ម៉ារុក​ឈាន​ដល់​វគ្គ​នេះ គឺ​ជា​ជោគជ័យ​ធំ​ធេង​បំផុត​ទៅ​ហើយ​សម្រាប់​ប្រទេស​របស់​ពួកគេ។ ហើយ​ប្រសិន​បើ​រាត្រី​នេះ ​បាន​ឈ្នះ​ក្រូអាត​ទៀត​នោះ ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់​តែ​មាន​មោទកភាព​ចំពោះ​ក្រុម​មួយ​នេះ​ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT