ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប ​មិន​យល់​ស្រប​ជាមួយ FIFA ​ដែល​ប្រកាស​ធ្វើ Club World Cup ​៣​ឆ្នាំ​ម្ដង​

​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ FIFA ​បាន​ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​អំពី​ការ​កែប្រែ​ការ​ប្រកួត FIFA Club World Cup ​ដោយ​លេង​នៅ​៣​ឆ្នាំ​ម្ដង​វិញ ​ហើយ​ចំនួន​ក្រុម​មាន​ដល់​ទៅ​៣២​ក្រុម​ឯ​ណោះ។

​មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​អាហ្សង់ទីន ​និង​បារាំង​នៅ​ថ្ងៃ​ស្អែក​នេះ ​ប្រធាន FIFA ​លោកGianni Infantino ​បាន​ប្រកាស​ពី​គម្រោង​ថ្មី​របស់​ពួកគេ។ ​ដោយ​លោក​បាន​អះអាង​ថា FIFA ​នឹង​ធ្វើ​ការ​ប្រកួត FIFA Club World Cup ​នៅ​៣​ឆ្នាំ​ម្ដង​វិញ ​ពោល​គឺ​​ការ​ប្រកួត Club World Cup ​លើក​ក្រោយ​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២៥​ខាង​មុខ​នេះ។ ​ខណៈ​ដែល​ក្រុម​ចូល​រួម​មាន​ដល់​ទៅ​៣២​ក្រុម​​ឯ​ណោះ ពោល​គឺ​វា​ពិត​ជា​ច្រើន​មែនទែន​បើ​ធៀប​ជាមួយ​ការ​ប្រកួត​កន្លង​ទៅ។ ខណៈ​ដែល​គម្រោង​មួយ​នេះ ​ធ្លាប់​បាន​រៀប​ចំ​​ចង់​ធ្វើ​ម្ដង​មក​ហើយ​នៅ​ប្រទេស​ចិន ​មុន​ផ្ទុះ​កូវីដ​១៩ ប៉ុន្តែ​ក្រោយ​កើត​ហេតុ​នេះ​ទៅ ទើប​រំសាយ​ចោល​វិញ។

​ដោយ​ឡែក​គម្រោង​មួយ​នេះត្រូវ​បាន​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​សុទ្ធ​តែ​ប្រឆាំង​ទាំង​អស់​កាល​ពី​សប្ដាហ៍​មុន​នេះ ប៉ុន្តែ​ក៏​មិន​អាច​រារាំង FIFA ​បាន​ដែរ។ សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ​មួយ​នេះ ​នៅ​តែ​បន្ដ​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត Club World Cup ​៣​ឆ្នាំ​ម្ដង​នេះ​ដដែល ​បើ​ទោះ​ជា​មាន​ការ​ប្រឆាំង​ច្រើន​ក៏​ដោយ។ ពាន​រង្វាន់​មួយ​នេះ ​បើ​រៀប​បែប​នេះ​នឹង​មាន​ភាព​ស្មុកស្មាញ​ច្រើនមែនទែន ព្រោះ​ជាន់​ជាមួយ​ការប្រកួត​ជាច្រើន​របស់​ក្លឹប​នានា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT