រយៈពេល ៧ឆ្នាំ និង ៣ខែ ទីបំផុត គ្រូបង្វឹកសញ្ជាតិជប៉ុន Lee Tae Hoon បានប្រកាសអំពីការផុតកុងត្រាជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយ ខណៈដែលរូបលោកបានផ្តាំផ្ញើនូវពាក្យសម្តីប៉ុន្មានម៉ាត់ជូនដល់កីឡាករជម្រើសជាតិឱ្យខិតខំប្រឹងបន្ថែមទៀត និងមានទំនួលខុសត្រូវ។
សម្រង់សម្តីត្រង់កន្លែងលោក Lee Tae Hoon ផ្តាំផ្ញើទៅដល់កីឡាករជម្រើសជាតិកម្ពុជា ទាំង ក្រុមធំ និង ក្រុមយុវជន៖ « ខ្ញុំសូមថ្លែងអំណរគុណដល់កីឡាករជម្រើសជាតិទាំងអស់ ដែលបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងខ្លាំងក្លាជាមួយខ្ញុំ ហើយនិងគ្រូបង្ហាត់ទាំងអស់ ដែលគាំទ្រកីឡាកររបស់យើង ជាមួយនឹងការខិតខំនិងប្រឹងប្រែងរបស់ពួកគេ។
ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះយុវជនអាយុក្រោម ១៦ឆ្នាំរបស់ខ្ញុំ ដែលបាននៅជាមួយតាំងពីខែមេសា ឆ្នាំ ២០១៧ រហូតមកទល់ថ្ងៃនេះ។ ខ្ញុំដឹងថា វាគឺជាការហ្វឹកហាត់ដ៏លំបាកសម្រាប់អ្នករាល់គ្នា ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកនឹងចងចាំថា ការអនុវត្តតាមទម្លាប់ទាំងនេះ អាចនាំមកនូវអនាគតត្រចះត្រចង់សម្រាប់អ្នក។ » ។
លោកក៏បានបន្តទៀតថា៖ « ខ្ញុំសង្ឃឹមថាកីឡាកររបស់យើង តែងតែចងចាំនូវការរំពឹងទុកនិងការគាំទ្ររបស់សាធារណជន ចំពោះពួកគេហើយធ្វើការកាន់តែខ្លាំងជាមួយនឹងការទទួលខុសត្រូវខ្ពស់ ដើម្បីធ្វើឱ្យពួកគេរីកចំរើននាពេលអនាគត » ។
គួររំលឹកថា លោក Lee Tae Hoon បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ដោយគាត់បានដឹកនាំទាំងឈុតធំ និងយុវជនច្រើនកម្រិត រហូតដល់ដើមឆ្នាំ ២០១៧ លោកត្រូវបានសហព័ន្ធផ្លាស់ប្តូរឱ្យទៅដឹកនាំឈុតយុវជនក្រោមអាយុ ១៦ឆ្នាំ ក្នុងទិសដៅដើម្បីអភិវឌ្ឍន៍យុវជនថ្នាល សម្រាប់ត្រៀមក្នុងព្រឹត្តិការណ៍
SEA Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែត្រឹមរយៈពេល ១៦ខែ (មួយឆ្នាំកន្លះ) គាត់ក៏បានប្រកាសអំពីការចប់កុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែម្តង ៕