Theo ​ថា​បារាំង ​មិន​ខ្លាច Messi ​នោះ​ទេ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

​ខ្សែ​ការពារ Theo Hernandez ​បាន​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​បារាំង ​មិន​ខ្លាច​ចំពោះ​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន FIFA World Cup 2022 ​ខាង​មុខ​នេះ​ទេ។

​បារាំង ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន World Cup ​ជាមួយ​ក្រុម​អាហ្សង់ទីន​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​ទៅ​លើ​ក្រុម​ម៉ារុក​ក្នុង​លទ្ធផល ​២-០ ​នៅ​យប់មិញ​នេះ។ ​ខណៈ​ដែល​ក្រុម​ការពារ​តំណែង​ជើង​ឯក​នេះ ​ពិត​ជា​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ដែល​អាច​យក​ឈ្នះ​និង​ស៊ុត​ក្រុម​ខ្លាំង​ការពារ​ម៉ារុក​បាន​ដល់​ទៅ​២​គ្រាប់​បែប​នេះ។ ខណៈ​ដែល​ពួកគេ​នឹង​ត្រូវ​មាន​ភារកិច្ច​ធំ​មួយ​ទៀត​នៅ​ថ្ងៃ​ទី ១៨​ខែ​ធ្នូ​ឆ្នាំ​២០២២​ខាង​មុខ ​ត​តាំង​ជាមួយ​ក្រុម​អាហ្សង់ទីន។

​បើ​តាម Theo ​ដែល​ជា​អ្នក​រក​បាន​១​គ្រាប់​ដែរ​ទល់​ក្រុម​ម៉ារុក ​និយាយ​ថា​៖ “បាន​លេង World Cup ​២​ដង​ជាប់​គ្នា​គឺ​ជា​រឿង​អស្ចារ្យ​បំផុត។ ​យើង​ពិត​ជា​ធ្វើ​បាន​ល្អ គ្រប់​ប្រកួត​សុទ្ធ​តែ​លំបាក ប៉ុន្តែ​យើង​បាន​ធ្វើ​វា​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​យើង​នឹង​ប្រឹងប្រែង​កាន់​តែ​ខ្លាំង​ដើម្បី​ឈ្នះ​នៅ​ផ្ដាច់ព្រ័ត្រ​នេះ​។ ក្រុម​យើង​នឹង​សម្រាក​ឱ្យ​បាន​ល្អ​ដើម្បី​ត្រៀម​ប៉ះ​អាហ្សង់ទីន។ Lionel Messi ​មិន​បាន​ធ្វើ​ឱ្យ​យើង​ខ្លាច​គេ​នោះ​ទេ ​យើង​ដឹង​ថា​អាហ្សង់ទីន​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​យើង​ក៏​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ត្រៀម​ខ្លួន​ផង​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT