Varane ​ថា​បារាំង​នឹង​លេង​តាម​ក្បូន មិន​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​ម៉ារុក​ឡើយ​

​ខ្សែ​ការពារ Raphael Varane ​បាន​អះអាង​ថា​ក្រុម​បារាំង នឹង​មិន​ធ្លាក់​ចូល​អន្ទាក់​របស់​ក្រុម​ម៉ារុក​ឡើយ​នៅ​រាត្រី​នេះ ​ព្រោះ​ពួកគេ​មាន​បទ​ពិសោធ​គ្រប់គ្រាន់​ក្នុង​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​បែប​នេះ​។

​ក្រុម​ការពារ​តំណែង​ជើង​ឯក​បារាំង ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ម៉ារុក​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ FIFA World Cup 2022 ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​។ ​ជំនួប​ដ៏​ក្ដៅ​គគុក​នេះ​ដែរ ​ក្រុម​បារាំង​ហាក់​មាន​ប្រៀប​ជាង​បន្ដិច​ទាំង FIFA Ranking ​និង​កីឡាករ​ម្នាក់​ៗ ព្រោះ​បារាំង​មាន​កីឡាករ​លេង​នៅ​ក្លឹប​ធំ​ៗ​ច្រើន​ជាង​ម៉ារុក។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ខ្សែ​ការពារ Varane ​អះអាង​ថា​មិន​មើល​ស្រាល​ម៉ារុក​នោះ​ទេ ពោល​គឺ​លេង​តាម​ក្បួន​ដែល​បាន​រៀប​ចំ​ទុក។

​កីឡាករ​កំពុង​លេង​ឱ្យ​ក្លឹប​បិសាច​ក្រហម Manchester United ​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​មាន​បទ​ពិសោធ​គ្រប់​គ្រាន់​ដើម្បី​គេច​ពី​អន្ទាក់​មួយ​នេះ។ ​ពួកគេ​មក​ដល់​វគ្គ​នេះ​សុទ្ធ​​តែ​មាន​ហេតុផល។ ពួកគេ​លេង​ការពារ​បាន​ល្អ ​ហើយ​វា​ពិត​ជា​ពិបាក​សម្រាប់​យើង​មិន​​ខាន។ យើង​ត្រូវ​រៀប​ចំ​ក្រុម​សម្រាប់​ការ​ប្រកួត​មួយ​នេះ​ឱ្យ​ល្អ​បំផុត ព្រោះ​វា​ជា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។ ​ប្រសិន​បើ​អ្នក​ចង់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​អ្នក​ត្រូវ​ផ្ដល់​គ្រប់​យ៉ាង​ដល់​ការ​ប្រកួត​មួយ​នេះ​និង​ប្រឹងប្រែង​ដល់​ទី​បញ្ចប់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT