គ្រូ​ម៉ារុក ​ថា​បើ​អង្គុយ​បិទ​តែ Mbappe ​ម្នាក់​គឺ​មិន​កើត​ទេ បារាំង​ល្អ​ច្រើន​ណាស់​

​លោក Walid Regragui ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ម៉ារុក ​បាន​និយាយ​ថា​លោក​មិន​ផ្ដោត​ទៅ​លើ​ការ​បិទ​កីឡាករ​តែ​ម្នាក់​នោះ​ទេ ព្រោះ​កីឡាករ​បារាំង​សុទ្ធ​តែ​ល្អ​ៗ ​និង​គ្រោះ​ថ្នាក់​ច្រើន។

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ារុក​នឹង​ត្រូវ​ប្រកួត​ ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2022 ​។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​គ្រូ​បង្វឹក​របស់​ម៉ារុក ​លោក Walid Regragui ​បាន​អះអាង​ថា​ក្រុម​របស់​ខ្លួន​មិន​ផ្ដោត​តែ​លើ​កីឡាករ​ណា​ម្នាក់​នោះ​ទេ ប៉ុន្ដែ​ត្រូវ​លេង​ជា​ក្រុម​ទើប​អាច​មាន​សង្ឃឹម​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ​បាន​។ ​បារាំង​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ​និង​មាន​កីឡាករ​ឆ្នើម​ៗ​ច្រើន ​ដូច្នេះ​មិន​អាច​ផ្ដោត​តែ​លើ​នរណា​ម្នាក់​ឡើយ។

 

“ខ្ញុំ​មិន​ទៅ​ព្យាយាម​ឬ​រៀប​គម្រោង​ដើម្បី​ទប់ Kylian ​នោះ​ទេ។ ​បារាំង​ក៏​មាន​កីឡាករ​ផ្សេង​ទៀត​ល្អ​ដែរ។ Griezmann ​កំពុង​លេង​ដល់​កម្រិត​កំពូល​របស់​ខ្លួន ​ហើយ​លេង​បាន​ល្អ​ថែម​ទៀត​នៅ​តំបន់​ស្លាប ​ហើយ Dembele ​ក៏​កំពុង​ពេញ​ទម្រង់​ដែរ ​ដោយ​សហការ​គ្នា​ល្អ​ណាស់​ជាមួយ Mbappe ​នៅ​ស្លាប​ម្ខាង​ទៀត។ ប្រសិន​បើ​យើង​ផ្ដោត​តែ Mbappe ​នោះ​នឹង​ក្លាយ​ជា​កំហុស​មួយ​ហើយ”។ សម្ដី​របស់​លោក Regragui ​ក្នុង​សន្នីសីទ​កាសែត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT