Ronaldo ​គិត​ថា​ក្រុម​នេះ​នឹង​ឈ្នះ​ពាន World Cup ​តែ​មិន​មែន​អាហ្សង់ទីន​ទេ​

​លោក Ronaldo Nazario ​វីរបុរស​បាល់ទាត់​ប្រេស៊ីល ​បាន​អះអាង​ថា​ក្រុម​ដែល​លោក​យល់​ឃើញ​ថា​មាន​សង្ឃឹម​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​ជាង​គេ​គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង​។

​មុន​ការ​ប្រកួត Ronaldo ​ជឿ​ថា​ជម្រើស​ជាតិ​ប្រេស៊ីល​របស់​ខ្លួន​ជា​ក្រុម​មាន​ភាគរយ​ឈ្នះ​ពាន World Cup ​ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់។ ​តែ​ក្រោយ​ពី​ប្រេស៊ីល​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទៅ ​Ronaldo ​ក៏​បាន​ជ្រើសរើស​ក្រុម​ទៀត​ដែល​មាន​ភាគរយ​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​នេះ​ទៀត​ដែរ។ ​Ronaldo ​បាន​យក​ក្រុម​ជម្រើស​ជាតិ​បារាំង ​ថា​នឹង​អាច​ឈ្នះ​ពាន World Cup 2022 ​នេះ​ទៀត។

​Ronaldo ​ប្រេស៊ីល​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​ពួកគេ (បារាំង)​ជា​ក្រុម​ដែល​នឹង​ឈ្នះ World Cup ​។ ពួកគេ​ជា​ក្រុម​រឹងម៉ាំ ទាំង​ការពារ ​បម្រើ​និង​ប្រយុទ្ធ។ ​ខ្ញុំ​ក៏​ចង់​ឃើញ Messi ​ឈ្នះ​ពាន World Cup ​ដែរ ប៉ុន្តែ​មិន​មែន​ជា​ក្រុម​អាហ្សង់ទីន​នោះ​ទេ។ ​អ្នក​បាន​ដឹង​ច្បាស់​ហើយ​ថា​ប្រេស៊ីល​និង​អាហ្សង់ទីន​ជា​គូ​ប្រជែង​រាប់​ឆ្នាំ​។ ដូច្នេះ​ខ្ញុំ​គឺ​ជា​មនុស្ស​ពុតត្បុត​ហើយ​ដែល​និយាយ​ថា​ចង់​ឃើញ​អាហ្សង់ទីន​ឈ្នះ​ពាន World Cup។ ​វា​មិន​មែន​ជា​រឿង​ពិត​នោះ​ទេ”៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT