Perisic  ៖​បើ​យើង​អាច​លេង​ដូច​ប្រេស៊ីល ​យើង​នឹង​មាន​សង្ឃឹម​ឈ្នះ​អាហ្សង់ទីន​

​ខ្សែ​ប្រយុទ្ធ​ស្លាប Ivan Perisic ​របស់​ក្រុម​ក្រូអាត ​បាន​និយាយ​ថា​ប្រសិន​បើ​ក្រុម​អាច​លេង​បាន​ដូច​ប្រកួត​ជាមួយ​ក្រុម​ប្រេស៊ីល ​នោះ​ឱកាស​ឈ្នះ​អាហ្សង់ទីន​ក៏​មាន​ច្រើន​ដូច​គ្នា។

​ក្រូអាត ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អាហ្សង់ទីន ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup 2022 ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​មុន​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​អាហ្សង់ទីន ​ត្រូវ​បាន​គេ​គិត​ថា​មាន​សង្ឃឹម​ឈ្នះ​ការ​ប្រកួត​នេះ​ច្រើន ព្រោះ​ពួកគេ​កំពុង​ធ្វើ​បាន​ល្អ។ តែ​ខាង​ក្រូអាត​វិញ ក៏​មិន​អស់​សង្ឃឹម​ដូច​គ្នា ព្រោះ​ឡើង​មក​ដល់​វគ្គ​នេះ ពួកគេ​បាន​ទម្លាក់​ក្រុម​ខ្លាំង​ប្រេស៊ីល​បាន​ទៅ​ហើយ​នៅ​​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី។

​សម្រាប់​ជំនួប​នេះ​ដែរ ​កីឡាករ Perisic ​របស់​ក្លឹប Spurs ​បាន​និយាយ​ដែរ​ថា​៖ “​ប្រសិន​បើ​យើង​លេង​បាន​ល្អ​ដូច​កាល​ប៉ះ​ប្រេស៊ីល ​នោះ​យើង​នឹង​មាន​ឱកាស​។ ពួកគេ​នឹង​លេង​១០០%​សម្រាប់​ការ​ប្រកួត​នេះ ​ដូច​ដែល​ក្រុម​របស់​យើង​នឹង​ធ្វើ​ដូច​គ្នា ដូច្នេះ​ចាំ​មើល​ក្រុម​ណា​ធ្វើ​បាន​ល្អ​ជាង ​និង​ឈ្នះ​ការ​ប្រកួត។ ​យើង​សង្ឃឹម​ថា​នេះ​ជា​ការ​ប្រកួត​ជក់​ចិត្ត​មួយ ​ហើយ​ខ្ញុំ​សង្ឃឹម​ពិភព​លោក​ទាំង​មូល ​និង​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន​សប្បាយ​ចិត្ត​ក្នុង​ការ​មើល​ប្រកួត​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT