Ronaldo ​និង Bruno ​មិន​ទាន់​ត្រលប់​ទៅ​ព័រទុយហ្គាល់​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃ​ទេ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​និង​មិត្ត​រួម​ក្រុម​៩​នាក់​ទៀត ​មិន​ទាន់​ចាកចេញ​ពី​ប្រទេស​កាតា ​ត្រលប់​ទៅ​ព័រទុយហ្គាល់​វិញ​នោះ​ទេ ​ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត World Cup 2022 ​នៅ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​ព័រទុយហ្គាល់​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម៉ារុក​ក្នុង​លទ្ធផល ​២-១ ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ខកខាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ។ ​ការ​ខក​ចិត្ត​មួយ​នេះ ពិត​ជា​ធ្វើ​ឱ្យ Ronaldo ​ខក​បំណង​មែនទែន ​រហូត​ដល់​យំ​ដើរ​ចេញ​ពី​ទីលាន​គួរ​ឱ្យ​អាណិត​បំផុត។ ​មួយ​វិញ​ទៀត ​នៅ​ពេល​នេះ​គេ​ក៏​មិន​ទាន់​ប្រាកដ​ថា​អាជីព​នៅ​ជម្រើស​ជាតិ​របស់ Ronaldo ​នឹង​បញ្ចប់​ត្រឹម​នេះ ​ឬ​ក៏​អាច​បន្ដ​លេង​ទៀត​ផង​ដែរ ព្រោះ​ World Cup ​នៅ​ឆ្នាំ​នេះ គេ​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ជាប់​ជម្រើស​១១​នាក់​ដំបូង​នោះ​ទេ​នៅ​២​ប្រកួត​ចុង​ក្រោយ។

​ក្រៅ​ពី​ខក​បំណង​ទៅ ​Ronaldo ​និង​មិត្ត​រួម​ក្រុម​៩​នាក់​ទៀត​មាន Bernardo Silva, Bruno Fernandes, Diogo Dalot, Ruben Neves, Rui Patricio, Raphael Guerreiro, Rafael Leao, Joao Cancelo ​និង​ Maheus Nunes ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ព័រទុយហ្គាល់​ជាមួយ​កីឡាករ​ដទៃ​ទៀត​នោះ​ទេ។ ពួកគេ​បន្ដ​នៅ​លំហែរ​កាយ​ក្នុង​ប្រទេស​កាតា​ទៀត​សិន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT