​ធ្លាក់​ពី World Cup ​អ្នក​ចាំទី Neuer ​របស់​អាល្លឺម់ង់ ​ទៅ​ជិះ​ស្គី ​គ្រោះ​ថ្នាក់​បាក់​ជើង​ទៅ​ទៀត​

​អ្នក​ចាំទី​និង​ប្រធាន​ក្រុម​អាល្លឺម៉ង់ Manuel Neuer ​នឹង​ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ ​បន្ទាប់​ពី​រូបគេ​រង​គ្រោះ​ថ្នាក់​អំឡុង​ពេល​ទៅ​សម្រាក​ជិះ​ស្គី​កម្សាន្ដ​រហូត​ដល់​បាក់​ជើង​ទៅ​ហើយ។

​កីឡាករ​វ័យ​៣៦​ឆ្នាំ ​ដែល​មិន​អាច​ជួយ​ក្រុម​អាល្លឺម៉ង់​ឱ្យ​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ក្នុង​ការ​ប្រកួត FIFA World Cup 2022 ​នេះ ​បាន​រង​របួស​ធ្ងន់ធ្ងរ​មែនទែន។ ​គេ​ទៅ​សម្រាក​លំហែ​កាយ​ក្រោយ​ចប់​ភារកិច្ច​ World Cup ​ហើយ​ក៏​រង​គ្រោះ​ថ្នាក់​អំឡុង​ពេល​ជិះ​ស្គី​តែ​ម្ដង។ ​Neuer ​បាន​វះ​កាត់​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ម្ល៉េះ ​ហើយ​ក៏​បាន​ជោគជ័យ​នៅ​ត្រង់​ជើង​បាក់​របស់​គេ​ផង​ដែរ។ ​យ៉ាងណា ​អ្នកចាំទី​រូប​នេះ​នឹង​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ​តែ​ម្ដង ​មិន​អាច​ជួយ​ក្រុម Bayern Munich ​ទៀត​ទេ។

វា​ជា​ដំណឹង​មិន​ល្អ​មួយ​សម្រាប់​អាល្លឺម៉ង់ ព្រោះ​ថា​ក្រុម​មួយ​នេះ​បាន​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​ទៅ​ហើយ​គឺ​ខ្សែ​ការពារ Lucas Hernandez ​ដែល​រង​របួស​ជង្គង់​ត្រូវ​វះ​កាត់​ដែរ​ពេល​លេង​ឱ្យ​បារាំង​នៅ World Cup ​។ ​ខណៈ​ដែល​ពេល​នេះ​អត់​មាន​អ្នកចាំទី​ដៃ​ទី​១ Neuer ​ថែម​ទៀត​រហូត​ដល់​ចប់​រដូវ​កាល។ Bayern Munich ​នឹង​មាន​ភារកិច្ច​សំខាន់​ថែម​ទៀត​ដោយ​ប៉ះ PSG ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League ​នា​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT