ព័រទុយហ្គាល់ ​និង​អង់គ្លេស ​ធ្លាក់​ទាំង​មិន​អស់​ចិត្ត​ដូច​គ្នា​នៅ World Cup 2022 ​នេះ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​និង​ក្រុម​អង់គ្លេស ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FIFA World Cup 2022 ​ហើយ ​បន្ទាប់​ពី​បរាជ័យ​ដូច​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​ព័រទុយហ្គាល់ ​លេង​ចាញ់​ក្រុម​ម៉ារុក​ក្នុង​លទ្ធផល ​១-០។ ​ដោយ​ក្នុង​ការ​ប្រកួត​នេះ ​ព័រទុយហ្គាល់​ព្យាយាម​ណាស់​ដែរ ប៉ុន្តែ​មិន​អាច​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ។ ស្រប​ពេល​កីឡាករ​ក្រុម​ព័រទុយហ្គាល់ ​បាន​ដាក់​បន្ទុក​ទៅ​លើ​ក្រុម​មន្ត្រី​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​នេះ​។ ពួកគេ​គិត​ថា មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ទៅ​លើ​ការ​កាត់​សេចក្ដី ទើប​បាន​ជា​ក្រុម​ខ្លួន​បរាជ័យ​បែប​នេះ។

​ស្រប​ពេល​អង់គ្លេស​វិញ ​បាន​លេង​ចាញ់​ក្រុម​ការពារ​តំណែង​ជើង​ឯក​បារាំង​ក្នុង​លទ្ធផល ​២-១។ ​បារាំង​បាន​ឡើង​ទៅ​វគ្គ​បន្ដ ខណៈ​ដែល​អង់គ្លេស​វិញ​ពិត​ជា​សោកស្ដាយ ​ព្រោះ​ពួកគេ​មាន​ឱកាស​តាម​ស្មើ​នៅ​ចុង​ម៉ោង​ទៅ​ហើយ ប៉ុន្តែ Harry Kane ​ទាត់​ប៉េណាល់ទី​មិន​ចូល​ទៅ​វិញ។ មាន​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា​អង់គ្លេស​លេង​បាន​ល្អ ​និង​សម្រុក​ទៅ​លើ​បារាំង​ខ្លាំង ​ហើយ​ក៏​សម​ទទួល​បាន​បាល់​ប៉េណាល់ទី​ច្រើន​ទៀត​ដែរ ប៉ុន្តែ​បែរ​ជា​អាជ្ញាកណ្ដាល​មិនឱ្យ​ទៅ​វិញ។

​រំលឹក​ថា​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA World Cup 2022 ​បាន​រក​ឃើញ​ហើយ​គឺ អាហ្សង់ទីន ​ក្រូអាត ​ម៉ារុក ​និង​បារាំង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT