គ្រូ​បារាំង ​ថា​អង់គ្លេស​ពេល​នេះ​មិន​មាន​ចំណុច​ខ្សោយ​ទាល់​តែ​សោះ​

​លោក Didier Deschamps គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង ​បាន​អះអាង​ថា​ក្រុម​អង់គ្លេស​នៅ FIFA World Cup 2022 ​នេះ ​មិន​មាន​ចំណុច​ខ្សោយ​ទាល់​តែ​សោះ ពោល​គឺ​ពួកគេ​បាន​រៀប​ចំ​ក្រុម​បាន​ល្អ​ណាស់។

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​និង​ក្រុម​ជម្រើស​ជាតិ​បារាំង ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ FIFA World Cup 2022 ​ វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ​។ ​ជំនួប​ធំ​ខាង​លើ​នេះ​ដែរ ត្រូវ​បាន​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ទស្សនា​ជាង​គេ ព្រោះ​ក្រុម​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ធ្វើ​បាន​ល្អ ​និង​ពោរពេញ​ដោយ​កីឡាករ​ឆ្នើម​ៗ​ទាំង​អស់។ ​ស្រប​ពេល​បារាំង​ក៏​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក FIFA World Cup 2022 ​នេះ​ផង។

​មុន​ការ​ប្រកួត​លោក Didier Deschamps ​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​និយាយ​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ថា​៖ “ខ្ញុំ​បាន​មើល​ការ​ប្រកួត​ពួកគេ។ ​ពួកគេ​មិន​មាន​ចំណុច​ខ្សោយ​ទេ។ ​ខ្ញុំ​ជឿ​ថា​ពួកគេ​ក៏​បាន​ត្រៀ​ខ្លួន ​និង​មើល​ការ​ប្រកួត​របស់​យើង​ដូច​គ្នា​ដើម្បី​ស្វែង​រក​ចំណុច​ខ្សោយ​របស់​យើង។ ​ខ្ញុំ​ជឿ​ថា​អង់គ្លេស​នឹង​រៀប​ចំ​ដើម្បី​ជួប Kylian ​ដូច​ដែល​ក្រុម​ដទៃ​កន្លង​មក​ដែរ។ ប៉ុន្តែ Kylian ​តែងតែ​អាច​រក​ឱកាស​ជា​និច្ច ​ហើយ​យើង​ក៏​មាន​កីឡាករ​ដទៃ​ទៀត​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួកគេ​ផង​ដែរ”៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT