គ្រូ​បង្វឹក​ព័រទុយហ្គាល់​ថា ​Ronaldo ​មិន​សម​ទទួល​បាន​មតិ​រិះគន់ ​និង​រឿង​មិន​ពិត​ច្រើន​បែប​នេះ​ទេ

​លោក Fernando Santos ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​មិន​សម​នឹង​ទទួល​បាន​ការ​រិះគន់ ​និង​ចុះ​ផ្សាយ​រឿង​មិន​ពិត​ច្រើន​បែប​នេះ​ទេ។

​Ronaldo ​ក្រោយ​ពី​អង្គុយ​កៅអី​បម្រុង​ទល់​ក្រុម​ស្វីស​មក ​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ច្រើន​មែនទែន ​ហើយ​មាន​ខ្លះ​ថែម​ទាំង​ចុះ​ថា​រូបគេ​ព្រមាន​ដើរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ថែម​ទៀត ​ក្រោយ​ពី​មិន​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង។ ​ក្រោយ​ពី​មាន​ការ​ផ្សាយ​រឿង​មិន​ពិត​នេះ​ហើយ ​ខាង​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្គាល់ ក៏​ដូចជា​សាមី​ខ្លួន​ផ្ទាល់​សុទ្ធ​តែ​ចេញ​មុខ​មក​អះអាង​​និង​បក​ស្រាយ​ថា​វា​ជា​មិន​មែន​ជា​រឿង​នោះ​ទេ។ Ronaldo ​នៅ​តែ​ជា​ប្រធាន​ក្រុម ​និង​បន្ដ​ចង់​ជួយ​ព័រទុយហ្គាល់​ឱ្យ​ជោគជ័យ​ជា​និច្ច។

​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ដែរ ​លោក Santos ​គ្រូ​បង្វឹក​ព័រទុយហ្គាល់​បាន​និយាយ​ថា​៖ “ខ្ញុំ​គិត​ថា​ល្មម​ឱ្យ​គាត់​នៅ​ម្នាក់​ឯង​បាន​ហើយ។ គ្រប់​គ្នា​តែងតែ​លើក​ពី​គាត់​មក​និយាយ​ទាំង​ដែល​ពេល​ខ្លះ​គាត់​មិន​ដែល​បានធ្វើ​អ្វី​ផង។ ​គាត់​មិន​ដែល​ប្រាប់​ខ្ញុំ​ថា​ចង់​ចាកចេញ​ពី​ជម្រើស​ជាតិ​ទេ។ ខ្ញុំ​គិត​ថា​ល្មម​បញ្ឈប់​រឿង​មិន​ពិត​នេះ​ហើយ។ ​យើង​គួរ​តែ​ឈប់ ​និយាយ​អ្វី​ដែល​មិន​ពិត​ទៀត​ទៅ។ Ronaldo ​មិន​សម​ទទួល​បាន​រឿង​ទាំង​អស់​នេះ​ទេ ​គាត់​បាន​ធ្វើ​ច្រើន​ណាស់​សម្រាប់​បាល់ទាត់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT